ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ មករានេះ បានចេញសារាចរ ស្ដីពីការជំរុញការចាក់វ៉ាក់សាំង និង ការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល។ការសារាចរនេះ គឺដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ អូមីក្រុងដែលកំពុងវាយលុកចូលក្នុងសហគមន៍កម្ពុជាជាថ្មី។
ក្នុងសារាចរណែនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចេញបទបញ្ជាដល់ចៅវ៉ាយខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាជំរុញឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាលរបស់ខ្លួនទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ខណៈការចាក់វ៉ាក់សាំងកន្លងទៅគឺមិនទាន់បានគ្រប់តាមអ្វីដែលរាជរដ្ឋាភិបាលចង់បាននោះទេ។
រដ្ឋាភិបាលបានពិនិត្យឃើញថា ប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋានមានមួយចំនួន គឺមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនៅឡើយនោះទេ ហើយពលរដ្ឋដែលចាក់វ៉ាក់សាំងដូសជំរុញនៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកន្លងទៅ។សម្រាប់រដ្ឋាភិបាល បានពិនិត្យឃើញថា ប្រជាពលរដ្ឋហាក់ដូចជាមានការធ្វេសប្រហែសជាមួយនឹងវិធានការសុខាភិបាលដែលបានប្រកាសដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១០ ម្សិលមិញ បានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន៣៤ករណី ដោយក្នុងនោះមាន២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងចេញពីសហគមន៍។