សៀមរាប៖ លោក សៀ សុផល សហស្ថាបនិក និងជានាយកមូលនិធិ ទំពាំងស្នងឬស្សី(BambooShoot Foundation) បានចាប់ផ្តើមគម្រោងប្រមូលសំរាមពីដើមឈើ ក្រោមការសហការចូលរួមរបស់ព្រះសង្ឃ សិស្សានុសិស្ស និងអ្នកនេសាទ បន្ទាប់ពីបានឃើញការបំពុលដែលបង្កើតដោយសំរាមក្នុងរដូវទឹកជំនន់ នៅខេត្តសៀមរាប ដើម្បីស្តារសោភ័ណ្ឌភាពបរិស្ថាននាតំបន់ជុំវិញបឹងទន្លេសាបឡើងវិញ។
សម្រស់ដើមឈើនាតំបន់នោះគឺជាផ្នែកមួយដែលទាក់ទាញទេសចរណ៍ដ៏សំខាន់ផងដែរ។ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ លោក សៀ សុផល ក៏បានឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋដែលប្រមូលសំរាម និងវិចខ្ចប់ទុកដាក់បានត្រឹមត្រូវផងដែរ។ គម្រោងនេះបានកែលម្អស្ថានភាពនៃតំបន់លិចទឹកដោយបានយកចិត្តទុកដាក់របស់អ្នកស្រុកក្នុងការប្រមូលនិងទុកដាក់សំរាមបានត្រឹមត្រូវ។ វាក៏បានជួយស្តារឡើងវិញនូវជីវៈចម្រុះក្នុងបឹងទន្លេសាប ហើយនឹងបម្រើជាគោលដៅទេសចរណ៍ផងដែរ។
បើតាមលោក សៀ សុផល បានថ្លែងយ៉ាងដូច្នេះថា " កន្លងមកសំរាមមានច្រើននៅតាមទីសាធារណៈនាឯតំបន់ទន្លេសាប។ នៅឆ្នាំ ២០១៧ និង ២០១៨ ខ្ញុំមានចម្ងល់ថាហេតុអ្វីគ្មាននរណាម្នាក់ខ្វាយខ្វល់អំពីបរិស្ថានជុំវិញបឹងទន្លេសាប ជាពិសេសសំណល់ផ្លាស្ទិកដែលប៉ះពាល់ដល់ជីវៈចម្រុះដែលរស់នៅក្នុងនិងជុំវិញបឹងទន្លេសាប។ "
លោក សៀ សុផល បានបន្តថា សំរាមនៅក្នុងទឹកដែលមើលមិនឃើញគឺមានច្រើន ចុះជីវៈចម្រុះច្រើនទៀតដែលយើងមើលមិនឃើញដែលនៅក្នុងទឹក តើវាត្រូរស់នៅយ៉ាងដូចម្តេចជាមួយការបំពុលដោយសំរាមដែលមាននៅក្នុងទឹក។ ហើយសំរាមនោះដែរ គឺមាននៅគ្រប់កន្លែង លើទឹក ក្នុងទឹក លើដី លើសពីនេះទៅទៀតសូម្បីតែលើដើឈើក៏មានសំរាមថែមទៀត។ វាមិនមែនជារឿងធម្មតានោះទេដែលសំរាមមានសូម្បីតែលើដើមឈើ។ មនុស្សជាច្រើនដែលទាញផលប្រយោជន៍ពីបឹងទន្លេសាប តែពួកគេមិនបាននាំគ្នាខ្វាយខ្វល់អំពីសុខភាពបឹងទន្លេសាបសូម្បីតែបន្តិច។
តាមរយៈគម្រោងរបស់លោក សៀរ សុផល គម្រោងបានជួយឧបត្ថម្ភគ្រប់យ៉ាងដើម្បីធ្វើការប្រមូលសំរាមនេះដំណើរការទៅបានយ៉ាងល្អ។ លើសពីនេះគាត់បានឧបត្ថម្ភអង្ករសម្រាប់ដោះដូររវាងសំរាមនិងអង្ករ។ កម្មវិធីសំរាមដូរយកអង្ករនោះដំណើរការបានរយៈពេល៣ឆ្នាំមកហើយ។ គម្រោងមួយនេះមានប្រយោជន៍ខ្លាំងដល់ការបន្តពូជរបស់ត្រី ចឹងអាចធ្វើអោយត្រីនឹងមានការកើនឡើង។ ពីមុនត្រីមិនសូវសំបូរនោះទេ ព្រោះព្រែកនៅទីនេះរាក់ដែលបណ្តាលមកពីសំរាមច្រើន៕