
ភ្នំពេញ៖ ការយកពន្ធលើអង្ករកម្ពុជាពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុប នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២០ មករា ឆ្នាំ២០២២។ការបញ្ចប់នេះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថាបរិមាណអង្ករនាំចេញទៅសហភាពអឺរ៉ុបនឹងកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈដែលរយៈពេលបីឆ្នាំកន្លងទៅដែលសភាពាណិជ្ជកម្មសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជាគ្រប់ប្រភេទ បានការធ្លាក់ចុះមកត្រឹមជាង២៥ភាគរយ។
កាលពី៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៩ សភាពាណិជ្ជកម្មសហភាពអឺរ៉ុប បានសម្រេចយកពន្ធលើអង្ករកម្ពុជាគ្រប់ប្រភេទ។ចាប់ពីពេលនេះមកបរិមាណនៃការនាំចេញអង្ករពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបមានការថយចុះដោយពីមុនឆ្នាំ ២០១៩ ទីផ្សារសហភាពអឺរ៉ុបមានចំនួន៤០ភាគរយ នៃការនាំចេញសរុប ហើយនៅឆ្នាំ ២០២១នេះវាធ្លាក់ចុះមកត្រឹមតែ ២៥.២៤ភាគរយនៃការនាំចេញសរុបដែលមានតម្លៃនាំចេញសរុបប្រហែល៤១០ លានដុល្លារ។
លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការធ្លាក់ចុះនេះ គួបផ្សុំជាមួយបញ្ហារីករាលដាលកូវីដ-១៩ដែលបង្កជាផលវិបាកដល់ដំណើរការដឹកជញ្ជូននាំចេញ ហើយតម្លៃដឹកជញ្ជូនអង្គរនាំចេញទៅសហភាពអឺរ៉ុបឡើងពី១២០០ ទៅ ២០០០ ដុល្លារក្នុងមួយកុងតឺន័រដល់៦០០០ ទៅ ៨០០០ ដុល្លារអាមេរិក។
លោក លន់ យ៉េង ការនាំចេញអង្កររបស់កម្ពុជាទៅតំបន់អឺរ៉ុបនេះ នឹងវិលត្រលប់មករកភាពល្អប្រសើរវិញ នៅក្រោយថ្ងៃទី២០ មករា ឆ្នាំ២០២២ បន្ទាប់រួចផុតពីទណ្ឌកម្ម។
គួរជម្រាបថា គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ១៦ មករា ២០១៩ បានចេញសេចក្តីសម្រេចមួយ ដោយតម្រូវឲ្យអង្ករនាំចូលពីកម្ពុជា ត្រូវបង់ពន្ធរយៈពេល៣ឆ្នាំ ក្នុងអត្រា១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន នៅឆ្នាំ២០១៩ និងត្រូវបង់១៥០អឺរ៉ូ និង១២៥អឺរ៉ូ នៅឆ្នាំទី២ និងទី៣។វិធានការនេះ កម្ពុជានឹងត្រូវខាតបង់ថវិការប្រមាណជា៥០លានដុល្លារអាមេរិកនៅក្នុង១ឆ្នាំៗ៕