ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣ មករានេះ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលបានចុះផ្លូវតវ៉ាមានរយៈពេល១៥ថ្ងៃនេះ ខណៈសញ្ញានៃការបញ្ចប់នៅមិនទាន់មាន។ក្រសួងការងារបន្តអំពាវនាវដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលចូលខ្លួនមកដោះស្រាយសំណងតាមផ្លូវច្បាប់ ស្របពេលការចាប់ខ្លួនកម្មករមានជាង១០នាក់ហើយ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយការជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី២ មករា ឆ្នាំ២០២២ គិតត្រឹមម៉ោង៤ ថ្ងៃទី៣ មករា ឆ្នាំ២០២២នេះ បើតាមមន្ត្រីអធិការកិច្ច និងមន្ត្រីផ្សះផ្សារវិវាទ គឺមិនទាន់មានអតីតបុគ្គលិកណាម្នាក់មកនោះទេ ហើយនាយកដ្ឋានវិវាទការងារ និងនាយកដ្ឋានអធិការកិច្ចការងារ នឹងបន្តរងចាំជាបន្តទៀត។
បើតាមលោក ហេង សួរ ចំពោះការផ្សះផ្សារវិវាទ តាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្តីពីការងារ ក្រោយពេលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីបង្គាប់ គឺនីតិវិធីបន្តគឺធ្វើកូដកម្មដោយសន្តិវិធី និងត្រូវបញ្ចប់នីតិវិធីវិវាទនៅតុលាការ។ ចំពោះការទូទាត់សំណងគឺក្រសួងការងារត្រៀមទទួលព័ត៌មានលម្អិតពីតំណាងបុគ្គលិក ឬបុគ្គលិកផ្ទាល់។
សូមជម្រាបថា គិតមកត្រឹមថ្ងៃទី០៣មករានេះ គឺមានរយៈពេល១៥ថ្ងៃហើយនៃការធ្វើបាតុកម្មរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលតវ៉ានៅមុខ្រុមហ៊ុនណាហ្គាវើលដ៍ ហើយមានសមាជិកសហជីពតវ៉ាជាច្រើននាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងចោទពីបទរៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។
ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា បាតុករទាំងនោះបានរៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាងហ្គាវើល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ និង សុវត្ថិភាពសង្គម និងបានអំពាវនាវដល់ក្រុមបាតុករបញ្ឈប់សកម្មភាពតវ៉ានេះជាបន្ទាន់៕