Cctimesw1140xh150cm copy

សហព័ន្ធស្រូវអង្ករកម្ពុជាស្នើសុំរដ្ឋាភិបាលបើកការនាំចេញអង្ករសវិញឱ្យបានឆាប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាស្នើសុំរដ្ឋាភិបាលឱ្យនាំចេញអង្ករសវិញឱ្យបានឆាប់បំផុត ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវអាចជំរះសន្និធិស្តុកចាស់។ ក្រៅពីនេះសហព័ន្ធក៏បានលើកសំណូមពរដែលជាវិធានសម្រាប់ស្តារ និងជំរុញសេដ្ឋកិច្ចក្នុងវិស័យស្រូវអង្កររួមផ្សេងៗទៀតផងដែរ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ា ការស្នើសុំនៃការអនុញ្ញាតឱ្យនាំចេញអង្ករសឡើងវិញឱ្យបានឆាប់បំផុត គឺដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវអាចជំរះសន្និធិស្តុកចាស់ និងសងកិច្ចសន្យាដែលជំពាក់អតិថិជន ដែលជំពាក់មុនបំរាមហាមនាំចេញអង្ករសមួយរយៈ ហើយបង្វិលដើមសងធនាគារ និង ត្រៀមទិញស្រូវនារដូវប្រមូលផល ក្នុងដើមខែ៧។

ប្រមុខរដ្ឋាភិបាលសម្តេចហ៊ុន សែន បានប្រកាសផ្អាកនាំស្រូវ និងអង្ករ«ស»ចេញទៅលក់នៅក្រៅប្រទេស ហើយជំរុញឲ្យបង្កើនការផលិតស្រូវបន្ថែមទៀត។ការផ្អាកនាំអង្ករ«ស»ចេញគឺនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៥មេសាតទៅរហូតដល់មានការជូនដំណឹងជាថ្មី។ យ៉ាងណាក៏ដោយចំពោះការនាំអង្ករក្រអូបដែលមិនមែនជាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរគឺនៅបន្តនាំចេញបានដដែល។

បើតាមលោក ហ៊ុន សែន ការផ្អាកនាំស្រូវ និងអង្ករចេញគឺដើម្បីរក្សាទុកផ្គត់ផ្គង់នៅក្នុងប្រទេសនៅគ្រាដែលជំងឺកូវីដ១៩បន្តរាលដាល ហើយរដ្ឋនឹងផ្តល់ទុនឲ្យម្ចាស់រោងម៉ាស៊ីនកិនប្រមូលទិញស្រូវពីប្រជាកសិករខ្មែរជំនួសឈ្មួញវៀតណាម និងថៃ ដោយមិនត្រូវទម្លាក់ថ្លៃនោះឡើយ។

គួរបញ្ជាក់ថា សំណើររបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើឡើងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និង វិធានការចាំបាច់នានា” ក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលវិស័យឯកជនកំពុងជួបប្រទះ។

ក្រៅពីនេះខាងសហព័ន្ធក៏បានស្នើដល់រាជរដ្ឋាភិបាលក្នុងការត្រៀមថវិកាបន្ថែមប្រមាណជា៣០លានដុល្លារអាមេរិកបន្ថែមលើថវិកាចំនួន ៥០លានដុល្លារអាមេរិកដែលមានស្រាប់ រួមជាមួយថវិការបស់ វិស័យឯកជន ដែលមាន និងធនាគារពាណិជ្ជផ្សេងៗសរុបប្រមាណជា ២០០លានដុល្លារអាមេរិក ដែលអាចទិញស្រូវប្រមាណជា ៨០ម៉ឺនតោន។

ស្នើរការលើកលែងលើពន្ធកាត់ទុកលើការដឹកជញ្ជូនស្រូវ និងអង្ករទាំងស្រុង, ផ្តល់លទ្ធភាព ឬ ជាគោលនយោបាយពិសេសដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការបំពាក់ថាមពលករកើតឡើងវិញដូចជាសូឡា ដែលជំរុញឱ្យថ្លៃដើមផលិតកម្ម និងការជំរុញ ការវិនិយោគជាមួយសហគមន៍កសិករជាដើម។

តែយ៉ាងណាសំណើរនេះមិនទាន់មានការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជាទេ ដោយរាជរដ្ឋាភិបាលនឹងរៀបចំវិធានការបន្ថែមទៀតសម្រាប់ដោះស្រាយចំពោះផលប៉ះពាល់ក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន វិស័យស្រូវអង្ករ, វិស័យកាត់ដេរ, វិស័យធនាគារ, វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតដែលនឹងរងផលប៉ះពាល់ផងដែរ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩នេះ។នេះបើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង