កណ្តាល៖ ក្រុមអ្នកវិនិយោគកម្ពុជា និង ជប៉ុន ប្រមាណជិត៥០នាក់នៅថ្ងៃទី ១៧ ធ្នូនេះ មកបំពេញទស្សនកិច្ចនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានលំដាប់ 4Fរបស់កម្ពុជា។ក្រុមអ្នកវិនិយោគទាំងអស់នោះភាគច្រើនធ្វើការងារលើវិស័យ អចលនទ្រព្យ ធនាគារ វិស័យ សាងសង់ និង សំណង់។
ក្នុងដំណើរទស្សនកិច្ចនោះ បានទស្សនាពីគម្រោងទាំងមូលនៃ «អាកាសយានដ្ឋានអន្តរជាតិតេជោ» និង បានចុះពិនិត្យជាក់ស្តែងពីវឌ្ឍនភាពនៃការសាងសង់ និង បានចោទជាសំណួរនានាពីគម្រោង ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែម ដើម្បីត្រៀមលក្ខណៈចូលរួមសហការតាមវិស័យរបស់ខ្លួន ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥។
បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ៩២% ស្មើនឹងទឹកប្រាក់១,៣៣៦ លានដុល្លារ។អាកាសយានដ្ឋានអន្តរជាតិនេះ មានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕