កណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F របស់ប្រទេសកម្ពុជា នឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្ននេះ អាកាសយានដ្ឋានដ៏ធំនេះ សាងសង់បានប្រមាណជាង៩០ភាគរយ និងចាយលុយអស់ជាង១ពាន់៣រយលានដុល្លារអាម៉េរិក។
ដើម្បីសម្រេចតាមផែនការគ្រោងទុក លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ១៨ ធ្នូនេះ បានចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ ដើម្បីត្រៀមខ្លួនបញ្ចប់ការងារ និង បើកដំណើរការនៅឆ្នាំក្រោយ។
លោក សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងក្រោយកិច្ចប្រជុំថា បច្ចុប្បន្ននេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់សម្រេចបានប្រមាណ ៩២ភាគរយហើយ ពោលគឺនៅសល់៨ភាគរយទៀតនឹងត្រូវបញ្ចប់ ដំណាក់កាលទី១។សម្រាប់ លោក សយ សុខាន់ ក្រុមការងារពាក់ព័ន្ធ នឹងខិតខំប្រឹងប្រែង បំពេញការងារ ដែលនៅសល់ប្រមាណ៨ភាគរយ ឲ្យបានរួចរាល់ នៅក្នុងអំឡុងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដើម្បីឈានទៅបើកដំណើរការ ដំណាក់កាលទី១ នៅអំឡុងខែ កក្កដា ឆ្នាំ ២០២៥។
លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បច្ចុប្បន្ននេះ រាល់ដំណើរការសាងសង់ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ គឺដំណើរការទៅតាមផែនការ ហើយពុំមានបញ្ហាអ្វីធំដុំនោះទេ គឺនៅសល់តែបញ្ហាតិចតួចតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំបន្ដ ក្នុងការបញ្ចប់ការងារសាងសង់ នៅឆ្នាំ២០២៥។លោកថា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបង្ហាញក្ដីរីករាយសប្បាយចិត្ដ ដោយក្រុមការងារទាំងអស់ រួមទាំងក្រុមហ៊ុនសាងសង់ អាកាសយានដ្នានអន្ដរជាតិតេជោ រួមសហការគ្នាបានល្អ ហើយក៏បានដំណើរការទៅតាមផែនការ ដែលបានគ្រោងទុក។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕