ភ្នំពេញ៖ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ការប្តេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
លោកនាយកIMF បានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេច និងនាយកIMF ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ចំពោះមុខនៃស្ថានភាពដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា នាពេលបច្ចុប្បន្ន និងអនាគត៕