Smart saver cctime web bannertif

វិនិយោគិនចិនស្វែងរកឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យកែច្នៃកសិផលកសិកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេសចិន មានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ខណៈក្រុមហ៊ុននេះបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមាណ២ឆ្នាំមកហើយ។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

លោក ជា វុទ្ធី បានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។ លោកក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

ជាមួយគ្នានេះ លោកស្រី ចូវ ហួយថុង បានបញ្ចាក់ថា លោកស្រីបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ខណៈក្រុមហ៊ុនរបស់លោកស្រីមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។

លោក ជា វុទ្ធី បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានបញ្ជាក់ ថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ លោកបានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង