
ប៉ារីស៖ ប្រទេសបារាំងបានរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃជាង១០ម៉ឺននាក់ ក្នុងរយៈពេលតែមួយថ្ងៃជាលើកដំបូង ចាប់តាំងពីមានជំងឺរាតត្បាត ហើយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានកើនឡើងទ្វេដងក្នុងរយៈពេលមួយខែកន្លងមកនេ។ ខណៈកូវីដ១៩បំលែងថ្មី អូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័សធ្វើឱ្យកាន់តែស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបារាំងក្នុងការទប់ស្កាត់ជំងឺរាតត្បាត និង ការបិទខ្ទប់សារជាថ្មី។
យោងតាមសេវាសុខភាពក្នុងតំបន់បានឱ្យដឹងថា មនុស្សច្រើនជាង ១ នាក់ក្នុងចំណោម ១០០ នាក់នៅក្នុងតំបន់ប៉ារីស បានធ្វើតេស្តវិជ្ជមានក្នុងសប្តាហ៍មុននេះ។ ការឆ្លងថ្មីភាគច្រើន គឺពាក់ព័ន្ធនឹងកូវីដ១៩បំលែងថ្មី អូមីក្រុង ដែលអ្នកជំនាញរដ្ឋាភិបាលព្យាករណ៍ថា នឹងមានភាពលេចធ្លោនៅក្នុងប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ទន្ទឹមនឹងនេះដែរការកើនឡើងនៃការឆ្លងកូវីដបំលែង ដែលតា ក្នុងប៉ុន្មានខែថ្មីៗនេះ ក៏កំពុងជំរុញឱ្យមានការចូលមន្ទីរពេទ្យក្នុងប្រទេសបារាំង ហើយធ្វើឱ្យ ICU ស្ថិតនៅក្រោមភាពតានតឹងម្តងទៀតក្នុងឱកាសបុណ្យណូអែល។ មនុស្សជាង ១,០០០ នាក់នៅក្នុងប្រទេសបារាំង ដែលបានឆ្លងហើយស្លាប់កាលពីសប្តាហ៍មុន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសកើនឡើងដល់ជាង ១២២,០០០ នាក់។
ប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ក្នុងការដោះស្រាយ។ អ្នកវិទ្យាសាស្ត្រ និងអ្នកអប់រំមួយចំនួនបានជំរុញឱ្យពន្យារពេលការត្រឡប់ទៅសាលារៀនវិញក្រោយវិស្សមកាល ឬស្នើឱ្យដាក់បម្រាមគោចរឡើងវិញ។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសបារាំងនិយាយថា សាលារៀនគួរតែបើកជាធម្មតានៅថ្ងៃទី ៣ ខែមករា ហើយមន្ត្រីរដ្ឋាភិបាលផ្សេងទៀតកំពុងធ្វើការដើម្បីជៀសវាងវិធានការដែលនឹងរារាំងការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេស៕