ភ្នំពេញ៖ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងចាប់ផ្តើមនៅថ្ងៃទី២៧ និងទី២៨ ស្អែកនេះ។មុន១ថ្ងៃនេះការប្រឡងបេក្ខជនទាំងអស់តម្រូវឱ្យទៅមណ្ឌលប្រឡង ពិនិត្យលេខតុ លេខបន្ទប់ ស្ទង់កម្តៅ និងទទួលស្ទីកឃ័រសុខភាព ហើយនេះគឺជាឆ្នាំដំបូលដែលក្រសួងអប់រំកម្ពុជារៀបចំការប្រឡងក្នុងបរិបទកូវីដ១៩។
បេក្ខជនចុះឈ្មោះប្រឡងសរុបជាង១១ម៉ឺន៤ពាន់នាក់ នឹងចូលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងចាប់ផ្តើមនៅថ្ងៃទី២៧ និងទី២៨ ស្អែកនេះ ហើយការប្រឡងនេះ ជាឆ្នាំដំបូងហើយសម្រាប់កម្ពុជា ដែលរៀបចំការប្រឡងដ៏ធំមួយនេះក្នុងបរិបទកូវីដ១៩ ខណៈសិស្សានុសិស្សស្ទើរតែទាំងស្រុង រៀនសូត្រតាមប្រព័ន្ធអនឡាញ ច្រើនជាងការរៀនសូត្រដោយផ្ទាល់នៅឯសាលារៀន។
មុខ១ថ្ងៃនេះការប្រឡងចូលមកដល់បេក្ខជនទាំងអស់ត្រូវបានតម្រូវស្ទង់កម្តៅ ដើម្បីទទួលស្ទីកឃ័រសុខភាព។ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ “ករណីបេក្ខជន វិជ្ជមានជំងឺកូវីដ-១៩ ត្រូវទៅទទួលការព្យាបាល ស្របតាមវិធានវេជ្ជសាស្ត្រ និងមិនអនុញ្ញាតឱ្យ ចូលប្រឡងឡើយ ដើម្បីជៀសវាងការចម្លង ជំងឺនៅក្នុងមណ្ឌល ប្រឡង។តាមយន្តការបច្ចេកទេសកន្លងមក ចំពោះ បេក្ខជនអវត្តមានដោយមូលហេតុបុគ្គល ចាប់ពី១វិញ្ញាសាឡើងទៅ ត្រូវកំណត់ឱ្យធ្លាក់ ដោយស្វ័យប្រវត្តិ។”
បើតាមក្រសួងអប់រំ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់បេក្ខជន តារាងប្រព្រឹត្តទៅនៃវិញ្ញាសា បទប្បញ្ញត្តិប្រឡង និងប្លង់បន្ទប់ ត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។ សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស់ វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។
គួររម្លឹកជូនថា ឥទ្ធិពលនៃកូវីដ១៩ ធ្វើឲ្យការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំ២០២០ ត្រូវបានលើកពេលម្តងហើយម្តងទៀត ហើយចុងក្រោយនេះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំចាប់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ៕