ភ្នំពេញ៖ ឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩ ឈ្មោះ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវា នឹងមានចែកចាយនៅកម្ពុជា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៣ខែធ្នូ ស្អែកនេះតទៅ ក្នុងតម្លៃ៥៥ដុល្លារ ក្នុងមួយកំប៉ុង ដែលមានចំនួន៤០គ្រាប់។ការចែកចាយឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩នេះ បើកទូលាយសម្រាប់មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន។
ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នេះសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ឱសថនេះ ត្រូវលេប១ថ្ងៃ២ដង ម្ដង៤គ្រាប់ ក្រោយពេលទទួលទានអាហាររួច ឬពេលពោះទទេរ និងគួរលេបទាំងមូលជាមួយទឹកមួយកែវ ដោយមិនត្រូវបើកគ្រាប់ កិនបំបែក ឬទំពារឡើយ។ នេះបើតាមការពន្យល់របស់ក្រុមការងារចំពោះកិច្ច គ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩។
បើតាមសេចក្តីជូនដំណឹង ក្នុងនោះបុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ដល់១០កំប៉ុង។ ចំណែក មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០កំប៉ុង ហើយអាចលក់បន្ត ក្នុងតម្លៃមិនលើសពី ៦៥ ដុល្លារ អាមេរិក ក្នុង១កំប៉ុង។-មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍ ក្រោយបញ្ជាទិញលើកចុងក្រោយ។
មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជា ទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជារៀងរាល់ម៉ោងធ្វើការ៕



