ភ្នំពេញ៖ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក នៅថ្ងៃទី ២១ ធ្នូនេះ បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី២១ដល់២២ ខែធ្នូ ឆ្នាំ២០២១។ក្នុងដំណើរទស្សកិច្ចនេះមេដឹកនាំកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើឯកសារចំនួន៧។
ឯកសារចំនួន៧ចំណុចនោះមានជាអាទិ៍៖ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម,ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម,កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា,កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម,អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥,អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន, ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។
គួរបញ្ជាក់ថា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ៊្វុកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្រោយលោកជាប់ឆ្នោតកាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កាលពីខែកញ្ញា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមរូបនេះ ក៏បានបំពេញទស្សនកិច្ចនៅប្រទេសឡាវដែលជាប់ភូមិផងរបងជាមួយកម្ពុជាផងដែរ។ទស្សនកិច្ចនេះ អាចជាអ្វីមួយដែលមើលឃើញថា វៀតណាមកំពុងព្យាយាមរក្សាឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសក្បែរខាង ក្នុងពេលដែលប្រទេសចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់៕



