
ក្រុងព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ ធ្នូ បានចេញសម្រេចផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៊ីង មានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ការសម្រេចនេះ ធ្វើឡើងក្រោយពីរដ្ឋបាលខេត្តទទួលបានរបាយការណ៍ថា មានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ។
រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា របាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះកាស៊ីណូមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និង ជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទីងស៊ីង ជាបណ្ដោះអាសន្ន។ក្នុងអំឡុងពេលនេះ អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យស្នងការនគរបាលខេត្ត ត្រូវចាត់តាំងកម្លាំងប្រចាំការគ្រប់គ្រងទីតាំងនោះ ដើម្បីអនុវត្តនីតិវិធី និង ទប់ស្កាត់បទល្មើសរង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ចុះអង្កេតស្រាវជ្រាវករណីនេះបានចប់សព្វគ្រប់ និង មិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះទៅជាឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និយោជិតរួចរាល់សិន។ករណីមិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ជាធរមាន។
គួរបញ្ជាក់ថា ក្រុងព្រះសីហនុ ជាទីក្រុងជាប់ឆ្នេរសមុទ្រកម្ពុជា ដោយមានលំហូរចូលភ្ញៀវទេសចរ និង វិនិយោគិន ជាពិសេសចិនបានចូលមកក្នុងខេត្តនេះ តាមរយៈការបង្កើតជំនួយរកស៊ីរាប់ចាប់ពីកាស៊ីណូរហូតដល់រមណីយដ្ឋានប្រណីតៗព្រមទាំងភោជនីយដ្ឋាន តូបលក់ដូរ និងហាងលក់ជាច្រើន។ហើយកន្លងទៅអាជ្ញាធរកម្ពុជាតែងតែបើកប្រតិបត្តិការបង្រ្កាបជាច្រើនសារ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគផ្សេងទៀត៕