
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពេលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន ដែលជាវិមានធំមួយនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
រដ្ឋបាលរាជធានីបានចេញសេចក្ដីជូនដំណឹងថា យានយន្តគ្រប់ប្រភេទមិនអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះ-ឈ្នះ ពោលគឺចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦អា ចាប់ពីម៉ោង៥៖០០នាទីរហូតដល់កម្មវិធីត្រូវបានបញ្ចប់។
សូមបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាននេះនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
