Smart saver cctime web bannertif

សម្តេច ហ៊ុន សែនបញ្ជាឱ្យប្រមូល«អាវុធ»អាមេរិកទាំងអស់រក្សាទុក ឬកម្ទេចចោល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១០ធ្នូនេះ ចេញបញ្ជាឱ្យប្រមូលអាវុធ និង សម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល ហើយបានចេញសារព្រមានដល់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក។សារព្រមាននេះ ធ្វើឡើងភ្លាមៗក្រោយពីអាម៉េរិក នៅថ្ងៃទី ៨ធ្នូ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​លើ​កម្ពុជា ដោយ​រឹត​បន្តឹង​ការ​លក់​ដូរ​អាវុធ ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​។

សម្តេច ហ៊ុន សែន បានថ្លែងអរគុណចំពោះសហរដ្ឋអាមេរិក។អរគុណដោយសម្តេចពន្យល់ថា ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និង សម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ ១៩៩៤។សម្រាប់សម្តេច កាលពីឆ្នាំ១៩៩៤ សម្តេចធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិកទេ។ 

ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន បានប្រកាសដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្នហើយត្រូវប្រមូលអាវុធ និង សម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល។

សម្តេច ហ៊ុន សែន បានថ្លែងថា "តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និង ទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។"

សម្តេច ហ៊ុន សែន ចេញសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱ្យបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក។

គួរបញ្ជាក់ថា អាម៉េរិក នៅ​ថ្ងៃ​ទី ៨ធ្នូ បាន​សម្រេច​ដាក់​ទណ្ឌកម្មមក​លើ​កម្ពុជា ដោយ​រឹត​បន្តឹង​ការ​លក់​ដូរ​អាវុធ ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​។ ការ​ដាក់​ទណ្ឌកម្ម​នេះ ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ពន្យល់​ថា ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា។ សម្រាប់​អាមេរិក ទណ្ឌកម្ម​នេះ ក៏​ដាក់​ចេញ​ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ ងាក​មក​គិតគូរ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង