
ភ្នំពេញ៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកំពុងដំណើរការឡើងវិញដោយសន្សឹមៗ ហើយជាពិសេសចរន្តសេដ្ឋកិច្ចក្នុងស្រុកដែលបានធ្វើឱ្យមានកំណើនប្រើប្រាស់នៅក្នុងស្រុកមានភាពល្អប្រសើរខ្លាំង។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា។
លោកបណ្ឌិត គិ សេរីវឌ្ឍន៍ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ចំពោះកម្លាំងម៉ាក្រូសេដ្ឋកិច្ចវិញ ដែលពាក់ព័ន្ធជាមួយនឹងការនាំចេញ-នាំចូល ជាមួយលំហូរសេដ្ឋកិច្ចខ្នាតធំគឺនៅមានកម្រិតនៅឡើយ។ នេះគឺដោយសារនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម នៅតែបន្តបិទ។
លោកបណ្ឌិតបន្ថែមថា បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបើកឱ្យមានជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសផ្សេងៗក្តី ក៏ចំនួនជើងហោះហើរមិនទាន់មានច្រើនវិញភ្លាមៗដែរ។ ដូចនេះមានតែការជំរុញការប្រើប្រាស់ក្នុងស្រុកតែប៉ណ្ណោះដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបាន ស្របពេលដែលកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញ។
ទន្ទឹមនឹងនេះ លោកបណ្ឌិតសន្និដ្ឋានថា បន្ទាប់ពីកម្ពុជាបានបើកប្រទេសឱ្យដំណើរការឡើងវិញ សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាសេដ្ឋកិច្ចបែបលក្ខណៈគ្រួសារ ដែលវិស័យផលិតកម្ម និងការលក់ដូរតូចៗ បានដំណើរការឡើងវិញជាមួយសន្ទុះយ៉ាងខ្លាំង។
លោកបណ្ឌិតបញ្ជាក់ថា ជារួមកម្ពុជាត្រូវតែពឹងផ្អែកទៅលើផលិតនៅក្នុងស្រុក ជាជាងការនាំចូលពីក្រៅប្រទេស ព្រោះតម្រូវការនៅក្នុងស្រុកកំពុងតែមានសន្ទុះកើនឡើង ហើយបើនាំទំនិញចូលនោះ នឹងធ្វើឱ្យមានទំនិញឡើងថ្លៃខ្ពស់ ដោយសារតម្រូវការធំជាងការផ្គត់ផ្គង់។
លោកបណ្ឌិតបន្ថែមថា ដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាព រាជរដ្ឋាភិបាលកម្ពុជាគួរតែយលចិត្តទុកដាក់ខ្ពស់ចំពោះផលិតកម្មនៅក្នុងស្រុក ជាពិសេសគឺវិស័យSME និងវិស័យកសិកម្ម។ ជាបទពិសោធន៍កន្លងមក នៅពេលដែលប្រទេសបានបិទខ្ទប់ធ្វើទំនិញមានការឡើងថ្លៃ ព្រោះទំនិញពីក្រៅប្រទេសមិនអាចនាំចូលបាន រីឯផលិតកម្មក្នុងស្រុកក៏នៅមានកម្រិត។
ក្នុងករណីនេះ ដើម្បីឆ្លើយតបជាមួយបទពិសោធន៍កន្លងមកនៃវិបត្តិ កម្ពុជាគួរតែជម្រុញការលើកកម្ពស់ការផលិតទប់ទល់និងការនាំចូលដើម្បីឱ្យកម្ពុជាមានសកម្មភាពផលិតខ្លួន និងអាចមានឱកាសក្នុងប្រកួតប្រជែងនាំចេញទៅក្រៅ បង្កើតការងារក្នុងស្រុក និងបង្កើនប្រាក់ចំណូលឱ្យក្រុមប្រជាពលរដ្ឋដែលមានចំណូលទាប និងចំណូលមធ្យមផង។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។
ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២ ធ្នូ បានអះអាងថា បន្ទាប់ពីការបើកប្រទេសឡើងវិញនេះ ចំណូលជាតិមានការកើនឡើងយ៉ាងច្បាស់ទាំងនៅក្នុងទីក្រុងកំពង់ផែ ផ្នែកគយ ព្រោះតម្រូវការក្នុងស្រុកមានច្រើន តម្រូវការនាំចូលក៏កើនឡើង។ មួយវិញទៀត បន្ទាប់ពីបានប្រើប្រាស់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាក្នុងអត្រាជាង៨៨ភាគរយ កម្ពុជាមានឱកាសបើកឡើងវិញនូវវិស័យទាំងអស់ផងដែរ៕