
ភ្នំពេញ៖សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនជនរួមជាតិដែលបញ្ជាក់ពីគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។សាររបស់សម្តេច ស ខេងនេះ ធ្វើឡើងក្រោយពីក្រុមបក្សប្រឆាំងចោទប្រកាន់ពីជម្លោះផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
ក្នុងសារផ្ញើជូនជនរួមជាតិសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំហរតែងតែគោរព និង គាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ទៀត ។
ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត សម្តេច ស ខេង ក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេច ហ៊ុន សែន ជាប្រធានផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាកូនប្រុសច្បងរបស់សម្តេចគឺ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្តេច តែត្រូវឆ្លងកាត់ការបោះឆ្នោត។ការប្រកាសនោះមាន ស្ថាប័នសាធារណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សកម្មជនដែលស្រលាញ់គណបក្សកាន់អំណាច បានបង្ហោះសារព្រោងព្រាធ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្រការប្រកាសរបស់សម្តេច ហ៊ុន សែន។
តែយ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏មិនទាន់អាចដល់ពេលធ្វើជានាយករដ្ឋមន្ត្រីភ្លាមៗដែរ ដ្បិតថ្នាក់ដឹកនាំចាស់ៗ កំពុងឈរជើងនៅឡើយនៅក្នុងជួរបក្សកាន់អំណាច។សម្រាប់សម្តេច ហ៊ុន សែន យ៉ាងហោចណាស់ក៏ពី៨ទៅ១០ឆ្នាំទៀតដែរ ខណៈដែលសម្តេច អះអាងថា សុខភាពលោកនៅរឹងមាំ៕