ភ្នំពេញ៖ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងត្រូវដង្ហែទៅបូជានៅមុខវត្តបទុមវតី នៅថ្ងៃទី ៨ ធ្នូស្អែកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និង ពិធីបុណ្យតាមបែបសាសនា។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និង បូជាព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិផងដែរ។
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានបញ្ជូនមកដល់ព្រលានយន្តហោះក្នុងរាជធានីភ្នំពេញ នាពេលថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ព្រះអង្គជាអ្នកនយោបាយជើងចាស់មួយអង្គ បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង។
បច្ចុប្បន្ន ព្រះសពរបស់សម្តេចក្រុមព្រះ កំពុងត្រូវបានតម្កល់នៅព្រះដំណាក់ នៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមព្រះពុទ្ធសាសនា។ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេច ហ៊ុន សែន រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានយាង និងអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចក្រុមព្រះ។
ព្រះសពរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងត្រូវដង្ហែទៅកាន់ព្រះមេរុ នៅខាងមុខវត្តបទុមវតី ដើម្បីបូជានៅព្រឹកថ្ងៃពុធ ទី៨ ខែធ្នូវេលាម៉ោង៨ និង ៣០នាទីព្រឹក។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបូជាព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិផងដែរ។
ដើម្បីបញ្ចៀសចរាចរណ៍ទីតាំងព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកចរាចរជាបណ្តោះអាសន្ន តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង០៥៖០០នាទីព្រឹក រហូតដល់ពិធីដង្ហែព្រះសពត្រូវបានបញ្ចប់កម្មវិធី។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ មានបុត្រ៥អង្គ ក្នុងនោះ ប្រុស៤អង្គ និងស្រីមួយអង្គ។ ២អង្គជាបុត្ររបស់អ្នកម្នាងរបស់ព្រះអង្គ ព្រះនាម អ៊ុក ផល្លា ដែលបានសោយទិវង្គត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៨កន្លងទៅ៕