
ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៧ ធ្នូនេះ បានទទួលជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និង ជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពភូមា។ក្នុងជំនួបនោះ បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ហើយសម្តេចនឹងទៅទស្សនកិច្ចនៅប្រទេសភូមានៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ។
ដូចការគ្រោងទុកនៅថ្ងៃនេះ សម្ដេច ហ៊ុន សែន និង លោក វុនណា ម៉ោងលីន (Wunna Maung Lwin) បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសភូមាផង ។ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ាន ដើម្បីស្វែងរកមធ្យោបាយ ធ្វើយ៉ាងណាអោយអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ មានសាមគ្គីភាពល្អឡើងវិញ។
ក្នុងជំនួបនោះ លោក វុនណា ម៉ោងលីន បានស្នើសុំសម្ដេច ហ៊ុន សែន ដើម្បីអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅប្រទេសភូមានៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខ។ជាការឆ្លើយតបសម្ដេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសភូមា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ តបតាមការអញ្ជើញនោះ។
គួរបញ្ជាក់ថា នៅថ្ងៃទី៦ និងទី៧ ខែធ្នូ លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសរបស់ភូមាមកបំពេញទស្សនកិច្ចនៅកម្ពុជាតបតាមការអញ្ជើញរបស់ភាគីកម្ពុជា ហើយនឹងជជែកពីបញ្ហារបស់ភូមា។ ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ សម្តេច ហ៊ុន សែន បានលើកឡើងថា សម្តេចបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅកាន់ប្រទេសភូមា ដោយមិនមានដាក់លក្ខខណ្ឌទុកជាមុននោះទេ ហើយដំណើរទស្សនកិច្ច ដែលគ្រោងធ្វើឡើងនេះ គឺក្នុងរូបភាពជានាយករដ្ឋមន្ត្រីកម្ពុជា។
ភូមាបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធារបស់ លោក មីន អ៊ុងឡាំង ក្រោយរដ្ឋប្រហារកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។ កាលពីអំឡុង ជំនួបកំពូលថ្ងៃ២៦-២៨តុលា២០២១ អាស៊ានមិនបានអញ្ជើញមេដឹកនាំសឹកភូមា លោក មីន អ៊ុងឡាំង ឱ្យចូលរួមនោះទេ។ ជាវិធានការដ៏កម្ររបស់អាស៊ានចំពោះក្រុមយោធាភូមា ដែលមិនខ្វល់ ឬចង់ដោះស្រាយវិបត្តិក្រោយរដ្ឋប្រហារខែកុម្ភៈ។
សម្តេចនាយករដ្ឋមន្ត្រីបានចោទសួរថា បើអាស៊ានមានតែ៩ប្រទេស តើអាចហៅថាជាអាស៊ានយ៉ាងម្តេចនឹងកើត ព្រោះអាស៊ានត្រូវការ គោលការណ៍កុងសង់ស៊ីស ដូច្នេះបើកុងសង់ស៊ីសត្រូវតែមាន១០ ហើយម្យ៉ាងធម្មនុញ្ញអាស៊ានមិនអាចដេញសមាជិកណាមួយចេញនោះទេ។ បើតាមលោកនាយករដ្ឋមន្ត្រីនេះគឺជាការគិតគូរខ្លះៗ ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ៕