Cctime 6monthsfree desktop
Cc times  web banner kh (2)

តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនពលរដ្ឋ៧នាក់ពាក់ព័ន្ធរុករានដីព្រៃលិចទឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖តុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនជនសង្ស័យ៧នាក់ហើយ នៅពន្ធនាគារ ខេត្តបាត់ដំបង កាលពីព្រលប់ថ្ងៃទី ០២ខែធ្នូ ពាក់ព័ន្ធ នឹងការទន្រ្ទានដីព្រៃលិចទឹក ប្រមាណ៥០ហិកតា ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា។

ប្រជាពលរដ្ឋទាំង៧នាក់ ខាងលើនេះ ត្រូវបានលោក ឆែ វីរៈ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង សម្រេចដាក់ឱ្យឋិតនៅក្រោមការត្រួតពិនិត្យ ពីបទកាប់ឆ្ការ គាស់រាន ឈូសឆាយ ដីព្រៃលិចទឹក និង ហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ដាក់ទោសតាមបទប្បញ្ញតិមាត្រា៩៨ ចំណុច១នៃ ច្បាប់ជលផល។

ជនសង្ស័យទាំង៧នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្រ្តីជំនាញជលផល ធ្វើការឃាត់ខ្លួន រួមជាមួយក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ កាល ពីម៉ោង៦កន្លះព្រឹកថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពួកគេដេកចាំនៅរោង ក្បែរដីព្រៃដែលរុករានប្រមាណ៥០ហិកតានោះ នៅចំណុច អូរកំបុត ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ទីតាំងដែលឃាត់ខ្លួនស្ថិតនៅតំបន់បី ដោយជនសង្ស័យទាំង នោះបានសារភាពថា ពួកគេបាន រុករាន ធ្វើស្រែ ចំនួនបីលើកមកហើយ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីជលផលឃាត់ខ្លួន។

មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបានត្រាក់ទ័រ មួយគ្រឿង គោយន្ត១គ្រឿង កាណូតស្មាច់ ២គ្រឿង និង ម៉ាស៊ីនកាណូតមួយគ្រឿង ។

របាយការណ៍របស់គណកម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស ឬទន្រ្ទានដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួន១២២២៥.៨ហិកតា ចំនួន២៩ទីតាំង ។ ក្នុងនោះ ស្រុកមោងឫស្សី មាន៥ឃុំ ចំនួន ២២២៣,៧ហិកតា ចំនួន១១ទីតាំង , ស្រុកឯកភ្នំ រុករាន៤ឃុំ ចំនួន៣០៥៣ហិកតា, ស្រុកថ្មគោល រុករាន៤ឃុំ ៨៣៥ហិកតា មាន៨ទីតាំង និង ស្រុកសង្កែ រុករាន៤ឃុំ អស់ ៦១១៤ហិកតា មាន៦ទីតាំង ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង