
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ANTI-CORRUPTION UNIT (A.C.U.) បានបង្កើតក្រុមការងារដើម្បីចុះពិនិត្យ និង ស្រាវជ្រាវស្វែងរកមន្ត្រីនៅពីក្រោយនៃការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។ក្រុមការងារនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេច ហ៊ុន សែន បានស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីការស្នើសុំពីសម្តេច ហ៊ុន សែន អង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ទាក់ទងនឹងវិធានការការពារបឹងទន្លេសាប និង បានបង្កើតក្រុមការងាររបស់ខ្លួនដើម្បីស្រាវជ្រាវអ្នកនៅពីក្រោយនៃការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបនេះ។
បើតាមលោក ឱម យ៉ិនទៀង ក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយបានបែងចែកគ្នាជាក្រុម និងបំពេញការងារទៅតាមបច្ចេកទេសរបស់ខ្លួនស្របតាមវិជ្ជាជីវៈ។ចំពោះមន្ត្រីណាខ្លះដែលមានការជាប់ពាក់ព័ន្ធនោះ គឺមិនដល់ពេលនេះមិនទាន់បង្ហាញនូវឡើយនោះទេ។
គួរបញ្ជាក់ថា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជារកឃើញអំពីបញ្ហាកាប់ឈើ និង ទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។
សម្តេចបានស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់ ដោយគ្មានការអត់ឱននោះឡើយ ពោលគឺគ្មានពេលអប់រំទៀតនោះទេ៕



