ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៦ វិច្ឆិកា បានប្រកាសបដិសេធក្នុងការចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយសារការផ្តិតមេដៃ របស់សមាជិកគណបក្សនេះ ដើម្បីគាំទ្រ ក្នុងការសុំចុះបញ្ជីមានចេតទនាទុច្ចរិត(ការផ្តិតស្នាមមេដៃជំនួស) ការក្លែងបន្លំ អត្តសញ្ញាណ បុគ្គល និងការផ្តិត ធ្វើឲ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិកព្រមទាំងខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ។
គួរបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិបានធ្វើការពិនិត្យ និងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិចំនួន៤.៧៨១ស្នាមមេដៃ ប្រុសមាន២.៤៥២ស្នាមមេដៃ និងស្រីចំនួន២.៣២៩ស្នាមមេដៃ។ ប៉ុន្តែអគ្គស្នងការនគរបាលជាតិ បានរកឃើញថា ស្នាមមេដៃ២០នាក់ខុសពីស្នាមមេដៃក្នុងអត្តសញ្ញាណបណ្ណ ខណៈស្នាមមេដៃចំនួន២០នាក់ផ្តិតលើឈ្មោះបុគ្គល៥៤នាក់ និងស្នាមមេដៃ៧៤នាក់ជាការក្លែងស្នាមមេដៃ។ បន្ថែមលើនេះ ស្នាមមេដៃ២៨៧នាក់ ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងររបស់បុគ្គល៥នាក់ផ្តិតលើឈ្មោះបុគ្គល២១នាក់។
