
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានសម្តែងការគាំទ្រចង់ឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនជាបន្ទាន់មួយ ដើម្បីពិភាក្សាពីវិធីសាស្រ្តទប់ស្កាត់មេរោគឆ្លងកូរ៉ូណា។ នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២នៅព្រឹកថ្ងៃអង្គារនេះ សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា កិច្ចប្រជុំបន្ទាន់នេះ គឺជារឿងសំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគថ្មីមួយនេះ។
សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាមេរោគឆ្លងកូរ៉ូណានេះ មិនមែនជាបញ្ហាចិនទៀតទេ តែជាបញ្ហាតំបន់ និង សាកលលោកដែលត្រូវតែរួមគ្នាពិភាក្សា និងទប់ស្កាត់។ ជាមួយគ្នានេះ សម្តេចហ៊ុន សែន ហាក់មិនសប្បាយចិត្តនឹងវិធានការរបស់ប្រទេសមួយចំនួនក្នុងតំបន់ក្នុងការការពារ និងទប់ទល់នឹងបញ្ហារាលដាលនៃមេរោគកូរ៉ូណា។ វិធានការទាំងនោះ រួមមានដូចជា ការមិនទទួលភ្ញៀវទេសចរចិន ក៏ដូចជាការបិទជើងហោះហើរជាមួយចិនជាដើម។
សម្រាប់សម្តេចនាយរកដ្ឋមន្រ្តី វិធានការទាំងអស់នេះ គឺនាំឱ្យមានការភ័យខ្លាច និងរើសអើងចំពោះជនជាតិចិន។ សម្តេចបានគូសបញ្ជាក់ថា ចិនក៏ជាមនុស្សដែរ ហើយការធ្វើបែបនេះ គឺប៉ះទង្គិះខ្លាំងណាស់ដល់ផ្លូវអារម្មណ៍របស់ជនជាតិចិន។
សូមបញ្ជាក់ថា បើទោះបីប្រទេសខ្លះអនុវត្តវិធានការរឹតបន្តឹងខ្លាំងចំពោះជនជាតិចិនចូលមកប្រទេសខ្លួនក៏ដោយ ប៉ុន្តែសម្រាប់កម្ពុជាវិញ គឺពុំដូច្នោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ហើយថា នឹងមិនបិទជើងហោះហើរជាមួយចិនឡើយ ព្រោះការធ្វើបែបនេះ គឺជាការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា។ ចំណែក នៅថ្ងៃអង្គារនេះទៀតសោត សម្តេចបានប្រកាសជាថ្មីថា នឹងនៅតែបន្តឈរជាមួយចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាថ្មីនេះ៕