ភ្នំពេញ៖លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៥ វិច្ឆិកានេះ បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀតសម្រាប់ឆ្នាំ២០២២-២០២៣ ទៅសិក្សានៅប្រទេសចិន និង បានអះអាងថា ភាគីចិនកំពុងពិនិត្យបើកឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅចិនវិញ។
ការប្រកាសនេះ ធ្វើឡើងក្នុងពេលលោកបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី ១៥ វិច្ឆិកានេះ។
លោក លី ខឺឈាង បានថ្លែងថា ភាគីចិនកំពុងពិនិត្យ និង ពិចារណាមើលពីលទ្ធភាព ដើម្បីបើកឱ្យនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសចិនវិញក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ជំនួបពិភាក្សាការងាររវាងសម្តេច ហ៊ុន សែន និង លោក លី ខឺឈាង ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៉ីជម្រៅ និងស្អិតរមួតថែមទៀត រវាងប្រទេសទាំង ២ ដែលជាមិត្តដែកថែបនឹងគ្នា។ក្នុងជំនួបនោះភាគីចិនបានប្រកាសគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប និង ប្រធានអាស៊ាននៅពេលខាងមុខផងដែរ៕