ភ្នំពេញ៖ ពេលថ្មីៗកន្លងទៅនេះ កិច្ចព្រមព្រៀង RCEP ដែលបានចុះហត្ថលេខាមិនដល់មួយឆ្នាំជិតនឹងចូលជាធរមាន ។កិច្ចព្រមព្រៀងនេះបូករួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងដែលជាតួអង្គសេដ្ឋកិច្ចសំខាន់ចំនួនបីលើទូទាំងពិភពលោក ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ដែលជារដ្ឋសមាជិកចំនួនពីរនៃសម្ព័ន្ធ Five Eyes Alliance ព្រមទាំងប្រទេសអាស៊ានដែលបានបង្កើតតំបន់ពាណិជ្ជកម្មសេរីមុនគេបង្អស់នៅអាស៊ី។កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យប្រទេសទាំងពីរចិន និងជប៉ុនបង្កើតទំនាក់ទំនងពាណិជ្ជកម្មសេរីជាលើកដំបូង ហើយក៏នឹងនាំឱ្យការធ្វើសមាហរណកម្មអាស៊ីមានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតផងដែរ ។

មុនពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន នៅទូទាំងពិភពលោកបានមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីចំនួនជាង៣០០ច្បាប់រួចហើយ។ ក្នុងនាមជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើទូទាំងពិភពលោក រដ្ឋសមាជិកនៃកិច្ចព្រមព្រៀង RCEP មានចំនួនប្រជាជនច្រើនបំផុត បរិមាណសរុបនៃផលិតផលក្នុងស្រុកសរុបច្រើនបំផុត ទំហំពាណិជ្ជកម្មធំបំផុតនិងការទាក់ទាញការវិនិយោគទុនបរទេសច្រើនបំផុត ។
ប្រសិនបើពិពណ៌នាថា អង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវធំៗ ហើយរដ្ឋសមាជិកនានាសុទ្ធតែរីកចម្រើនទៅមុខតាមផ្លូវនេះ នោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់គឺហាក់ដូចជាគន្លងរហ័សលើផ្លូវធំនេះ ពោលគឺមានភាពរស់រវើកកាន់តែខ្ពស់ ហើយលំហសម្រាប់រដ្ឋសមាជិកក្នុងតំបន់សម្រេចពន្ធគយទាបនិងពន្ធគយសូន្យក៏កាន់តែធំដែរ ។បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមាន បម្រែបម្រួលដ៏សំខាន់បំផុតមួយគឺ ទំនិញ៩០ភាគរយរវាងរដ្ឋជាសមាជិកដែលត្រូវបញ្ជាក់និងឱ្យសច្ចាប័នរួចនឹងសម្រេចបាននូវពន្ធគយសូន្យនៅទីបំផុត ។ ដល់ឆ្នាំ២០៣៥ សុខុមាលភាពផ្នែកសេដ្ឋកិច្ចក្នុងតំបន់នឹងកើនឡើង១សែន៦ម៉ឺន២ពាន់៨រយលានដុល្លារអាមេរិកដោយសារកិច្ចព្រមព្រៀងនេះ ។

គោលបំណងនៃកិច្ចសហប្រតិបត្តិការ គឺដើម្បីសម្រេចបាននូវភាពឈ្នះ-ឈ្នះ។ប្រឈមមុខនឹងពិភពលោកដែលប្រកបដោយភាពមិនប្រាកដប្រជា កិច្ចព្រមព្រៀង RCEP នឹងផ្តល់លទ្ធភាពយ៉ាងប្រាកដប្រជា ។ ប្រឈមមុខនឹងបម្រែបម្រួលប្រទេសនីមួយៗមិនថាធំឬតូច មនុស្សគ្រប់រូបមិនថាខ្លាំងឬខ្សោយ សុទ្ធតែនឹងក្លាយជាអ្នកទទួលផលប្រយោជន៍ ៕ អត្ថបទ៖ Yuyuantantian