
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» កាលពីថ្ងៃទី ៥ ឧសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP) និង ពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និង ស្នាដៃសិល្បៈ។ ក្នុងពិធីនោះ សំបុកត្រចៀកកាំកម្ពុជា ទទួលបានវិញ្ញាបនបត្រ«ម៉ាកសមូហភាព»ទទួលស្គាល់ពី ក្រសួងពាណិជ្ជកម្ម។
ពិធីរៀបចំឡើងដោយមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Derek YIP ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និង សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ព្រមទាំងសិស្សនិស្សិត និង ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិជាច្រើនរូប។
ក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុចប៊ូតុងសម្ភោធកម្មវិធីសំខាន់ៗ ពាក់ព័ន្ធនិង វិស័យកម្មសិទ្ធិបញ្ញា ចំនួន៦ ក្នុងនោះក៏មានដែលការប្រគល់ជូនវិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និង ម៉ាកសមូហភាពប្រហុកសៀមរាបផលិតផលសម្គាល់ភូមិសាស្ត្ររបស់កម្ពុជា។ ពិធីសម្ពោធម៉ាកសមូហភាព៖ (១)-ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល (២)-ថ្នាំជក់កម្ពុជា និង (៣)-ត្រចៀកកាំកម្ពុជា។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអបអរសាទរ និង សម្ដែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ នេះ ដែលតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងសាធារណៈលើវិស័យកម្មសិទ្ធិបញ្ញាជាសកល ជាពិសេសចូលរួមផ្តល់តម្លៃនិងសារៈសំខាន់ដល់ស្នាដៃ និងរបកគំហើញនានា ដែលរកឃើញនិងបង្កើតឡើងដោយតក្កករ អ្នកនិពន្ធ សិល្បៈករ អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ។ល។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៥នេះនិងការប្រគល់ជូនវិញ្ញាបនបត្រ នឹងបន្តបណ្តុះស្មារតីក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញាគ្រប់ផ្នែកទាំងអស់ ការជំរុញ ភាពច្នៃប្រឌិតនិងការបង្កើតស្នាដៃថ្មីៗ ការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងវិស័យធុរកិច្ចពាណិជ្ជកម្ម ព្រមទាំងលើកកម្ពស់ការវិនិយោគនិងផ្ទេរបច្ចេកវិទ្យា នាពេលខាងមុខ៕