
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃសុក្រ ទី១២ ខែវិច្ឆិកានេះ បានប្រកាសបើកឱ្យមានការជួបជុំជាទូទៅផ្សេងទៀតឡើងវិញនូវទូទាំងប្រទេសកម្ពុជា។តែសម្តេចបានក្រើនរំលឹកឲ្យអនុវត្តត្រឹមត្រូវតាមគោលការណ៍គម្លាតសុវត្ថិភាព។ការប្រកាសនេះ ធ្វើឡើងបន្ថែមលើការសម្រេចអនុញ្ញាតឲ្យអ្នកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ អាចមានចំនួនលើសពី២០០នាក់ទៅតាមទំហំទីតាំងនៃការរៀបចំពិធី។
សម្តេច ហ៊ុន សែន បានថ្លែងថា "ខ្ញុំសូមបញ្ជាក់បន្ថែមថា ការជួបជុំដោយមិនកំណត់ចំនួនមនុស្សចូលរួម តែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ក៏ត្រូវបានអនុញ្ញាតដូចគ្នាដែរ សម្រាប់ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ រួមមាន ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ ។"