Cctime 6monthsfree desktop
Cc times  web banner kh (2)

អង្គការភ្លែនអន្តរជាតិទទួលបានជោគជ័យក្នុងការប្រារព្ធទិវាក្មេងស្រីអន្តរជាតិកម្រិតថ្នាក់ជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា (រូបភាព៖ Plan International Cambodia) 

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា ទទួលបានជោគជ័យក្នុងការប្រារព្ធទិវាក្មេងស្រីអន្តរជាតិនៅថ្នាក់ជាតិ ដែលបានធ្វើឡើងក្នុងខេត្តចំនួន៣ដូចជា សៀមរាប ស្ទឹងត្រែង និងរតនគិរី ហើយត្រូវបានធ្វើឡើងប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ ជាមួយការចូលរួមយ៉ាងសកម្មរបស់យុវជន ជាពិសេសក្មេងស្រី។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា៖ «ភាពជោគជ័យនេះ គឺជាជោគជ័យរបស់ក្រុមយុវនារី និងស្រ្តីវ័យក្មេងទាំង ៣៣ រូបដែលបានសហការគ្នាបង្កើត និងចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ទាំងនេះ។

លោកស្រីសង្ឃឹមថា ពិធីទាំងនេះគឺជាការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នករាល់គ្នា ក្នុងការស្វែងយល់បន្ថែមអំពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងអាទិភាពជាយុទ្ធសាស្ត្ររបស់យើងក្នុងរយៈពេល ៥ ឆ្នាំខាងមុខសម្រាប់ក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា។

លោកស្រីបន្តថា អង្គការភ្លែនអន្តរជាតិកម្ពុជាក៏មានយុទ្ធសាស្រ្តប្រចាំប្រទេស ៥ ឆ្នាំលើកទី ៤ផងដែរ ដែលមានរយៈពេលពីឆ្នាំ ២០២១ ដល់ ២០២៦។ យុទ្ធសាស្រ្តទាំងនោះរួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាព, (២) កិច្ចការពារជំនាន់ថ្មី (៣) ការរៀនមួយជីវិត និង(៤) ភាពដឹកនាំរបស់ក្មេងស្រី។

លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប និងជាសមាជិកាក្រុមប្រឹក្សាខេត្តបានបង្ហាញនូវការគាំទ្រចំពោះផែនការយុទ្ឋសាស្ត្រថ្មីនេះ និងបានវាយតម្លៃថា ផែនការនេះ ឆ្លើយតបបានទៅនឹងផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវិស័យធំៗ មួយចំនួនរួមមាន៖ ការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ ជាពិសេសក្មេងស្រី ជំរុញការអនុវត្តការងារពាក់ព័ន្ធនឹងទឹកស្អាត អនាម័យ អាហាររូបត្ថម្ភ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជា្ជជីវៈ កិច្ចការពារកុមារ និងយុវជនជំនាន់ថ្មី ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង