Yearendyearend1140x150

«ស្ករត្នោត»មានតម្រូវការនាំចេញខ្ពស់ទៅក្រៅប្រទេស ខណៈការផលិតក្នុងស្រុកកង្វះកម្លាំងពលកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក វី វាសនា ជំនួញការប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។

កំពង់ស្ពឺ៖ ទីផ្សារលក់ស្ករត្នោតខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះ មានតម្រូវការនាំចេញខ្ពស់ទៅក្រៅប្រទេស រីឯតម្លៃវិញក៏ខ្ពស់ជាងមុន ខណៈការផលិតស្ករត្នោតដើម្បីផ្គត់ផ្គង់ការនាំចេញជួបប្រឈមនូវកង្វះកម្លាំងពលកម្មក្នុងស្រុក។ នេះបើតាមការលើកឡើងរបស់លោក វី វាសនា ជំនួញការប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។

លោក វី វាសនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា បច្ចុប្បន្នស្ករត្នោតមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ជាពិសេសសម្រាប់ការនាំចេញទៅទីផ្សារនៅក្រៅប្រទេស។ ថ្មីៗនេះខាងសមាគមមានស្ករត្នោតខេត្តកំពង់ស្ពឺ បានទទួលការទាក់ទងពីក្រុមហ៊ុនថ្មី ចាស់ ជាច្រើនដើម្បីធ្វើការនាំចេញស្ករត្មោតកម្ពុជាទៅក្រៅប្រទេស។

លោក វី វាសនា បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សមាគមស្ករត្នោតខេត្តកំពង់ស្ពឺមានសមាជិកប្រមាណ១៥០គ្រួសារប៉ុណ្ណោះក្នុងការផលិតស្ករត្នោត ខណៈសមាគមចង់បង្កើនសមាជិកឲ្យច្រើនជាងនេះ ដើម្បីបំពេញតម្រូវការទីផ្សារស្ករត្នោតអន្តរជាតិ។ ប៉ុន្តែយ៉ាងណាមិញ សមាគមបានព្យាយាមស្វែងរកសមាជិកបន្ថែមក្នុងឆ្នាំនេះ ដើម្បីធ្វើយ៉ាងណាអាចផ្គត់ផ្គង់ស្ករត្នោតទៅទីផ្សារលក់នៅក្រៅប្រទេស។

បើតាមលោក វី វាសនា បានបញ្ជាក់ថា ស្ករត្នោតខេត្តកំពង់ស្ពឺបានទទួលការការពារពីសហគមន៍អឺរ៉ុបក្រោមឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅឆ្នាំ២០១៩។ ដោយកាលពី២ ឬ៣ឆ្នាំកន្លងទៅ ស្ករត្នោតលក់បានតម្លៃត្រឹមតែ៦០០០រៀលក្នុង១គីឡូប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០២០មានតម្លៃ ៦៨០០រៀល និងឆ្នាំ២០២១នេះ តម្លៃស្ករត្នោតកំពង់ស្ពឺឡើងដល់តម្លៃ ៧០០០រៀលក្នុងមួយគីឡូក្រាម។

លោក វី វាសនា បានបន្តថា ក្នុងមួយឆ្នាំ កសិករក្នុងសហគមន៍ អាចផលិតស្ករត្នោតម្សៅ ប្រមាណពី៦០ ទៅ ៧០តោន ដែលចំនួននេះមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារនោះឡើយ។ ទន្ទឹមនឹងនេះ សមាគមកំពុងសិក្សាថាតើក្រុមហ៊ុនអាចជួយទិញស្ករសាច់ ព្រោះភាគច្រើនកសិករផលិតស្ករសាច់នៅក្នុងចំណោម១៥០គ្រួសារ។ បច្ចុប្បន្នមានក្រុមហ៊ុន ឥណ្ឌា រុស្ស៊ី កំពុងតែធ្វើការទាក់ទងមកបន្ថែមទៀត ដោយឥណ្ឌាត្រូវការស្ករត្នោត១០០តោន និងរុស្ស៊ី ត្រូវការ២០តោន ប៉ុន្តែសមាគមមិនទាន់ធ្វើការយល់ព្រមណាមួយទៅកាន់ក្រុមហ៊ុនទាំងនោះនៅឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង