
ចិន៖ លោក ចុង ណានសាន (Zhong Nanshan) ប្រធានវិទ្យាស្ថានវិស្វកម្មចិនបាននិយាយនៅថ្ងៃសៅរ៍ថា លោកជឿថា ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសចិន អាចត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលតិចជាងមួយខែ។
ប្រទេសចិនកាលពីម្សិលមិញ បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថា ករណីឆ្លងថ្មីមានចំនួន ៧៨ ដែលក្នុងនោះ ៥៩ គឺជាករណីក្នុងស្រុក បើប្រៀបធៀបកាលពីថ្ងៃមុន មានការកើនឡើង ៤៨ ករណី ហើយតួលេខនេះក៏ជាចំនួននៃការឆ្លងថ្មីច្រើនបំផុតនៅក្នុងប្រទេសចាប់តាំងពីថ្ងៃទី16 ខែមុន។
លោក ចុង ណានសាន បាននិយាយនៅក្នុងសន្និសិទសុខុមាលភាពសាធារណៈរបស់គ្រូពេទ្យចិនលើកទី ៣ ថា បច្ចុប្បន្ន កូវីដ១៩កំពុងស្ថិតក្នុងដំណាក់កាលសកម្ម។ ទោះបីជាការរីករាលដាលទ្រុងទ្រាយតូច និងករណីមួយៗ បានកើតឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសចិនក៏ដោយ ប៉ុន្តែត្រូវបានជឿជាក់ថាក្នុងរយៈពេលតិចជាងមួយខែ ជំងឺនេះនឹងត្រូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
លោកបានមានប្រសាសន៍ថា ទោះបីជាកូវីដ១៩ មិនអាចដោះស្រាយបានទាំងស្រុងក្នុងរយៈពេលដ៏ខ្លីក៏ដោយ ប៉ុន្តែប្រទេសចិនអំពាវនាវឱ្យប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ចំពោះការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ និងអនុវត្តការងារចាក់វ៉ាក់សាំងនៅក្នុងតំបន់អោយសកម្ម។
លោក Zhong Nanshan ព្យាករណ៍ថា នៅចុងឆ្នាំនេះ ប្រជាជនចិននឹងអាចចាក់វ៉ាក់សាំងបានជាង ៨០%៕