
ព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយ លោក Wang Jiang ប្រធានសមាគមចិនជួយសង្គ្រោះប្រជាជននៅកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
អនុស្សារណៈយោគយល់នេះរៀបចំឡើងដើម្បីស្វែងរកការគាំទ្រពីវិស័យឯកជន និងអ្នកធុរ:កិច្ចជនជាតិចិន ឲ្យចូលរួមក្នុងការងារបោសសម្អាតមីន ក្នុងខេត្តព្រះសីហនុ។
ការចូលរួមរបស់វិស័យឯកជនក្នុងការងារបោសសម្អាត នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកក្នុងការឈានឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕