
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី ២៥ តុលានេះ បានបោះឆ្នោតផ្តល់ការគាំទ្រលោក ប៉ា សុជាតិ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាលឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។លោកទទួលបានសំឡេងគាំទ្រ១១០សំឡេង ក្នុង១១១សម្លេង និងមោឃៈ១សំឡេង។
លោក ប៉ា សុជាតិវង្ស ត្រូវបានរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ក្នុងនាមជាសមាជិក នៃរាជរដ្ឋាភិបាល ដែលមានឋានៈ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ការជ្រើសតាំងលោក ប៉ា សុជាតិ ជាសមាជិកបន្ថែមរបស់រាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។នេះបើយោងតាមសម្តេច ហ៊ុន សែន។