ភ្នំពេញ៖ ប្រទេសបារាំង និងជប៉ុននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសជំហររបស់ខ្លួនក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការនានាក្នុងពេលខាងមុខ។ ការប្រកាសនេះធ្វើឡើងក្នុងពិធីគម្រប់ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ដែលត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្រ្តីកិច្ចការអឺរ៉ុប និងការបរទេសបារាំង បានថ្លែងថា កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់ជំលោះដែលបានអូសបន្លាយមករយៈពេលជាច្រើនឆ្នាំ និងបានបិទបញ្ចប់ការឈឺចាប់ដែលប្រជាជនកម្ពុជាជាជនរងគ្រោះទី១ កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងពិសេសដែលផ្សារភ្ជាប់ប្រទេសយើងទាំងពីរ។
ក្នុងនាមឯកឧត្តមជាមន្រ្តីការបរទេសបារាំង ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចការងារកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ក្នុងការជម្រុញឱ្យមានការអភិវឌ្ឍន៍នៅក្នុងតំបន់។ តែយ៉ាងណាក៏ដោយគេសង្កេតឃើញថា ប្រសាសន៍របស់រដ្ឋមន្រ្តីការបរទេសបារាំងមិនសូវបានលើកឡើងច្រើនអំពីការរឡលោភសិទ្ធិមនុស្ស ឬការបំពានសិទ្ធិមនុស្សនោះទេ។
ចំណែកឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការសាទរចំពោះរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមអភិវឌ្ឍប្រតែសកម្ពុជាឱ្យមានការរីកចម្រើន និងមានសុខសន្តិភាព។
ឯកអគ្គរាជទូតជប៉ុនក៏បានមើលឃើញពីភាពមិនប្រក្រតីមួយចំនួនចំពោះការអនុវត្តសិទ្ធិមនុស្សលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែឯកឧត្តមនៅតែជម្រុញឱ្យប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាធ្វើយ៉ាងណាអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានល្អប្រសើរ។
ឯកឧត្តមបានលើកឡើងថា កម្ពុជាបានសម្រេចនូវសមិទ្ធិផលជាច្រើនក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយឯកឧត្តមពិតជាមានមោទនភាពដែលប្រទែសជប៉ុនជាមួយប្រទែសផ្សេងទៀត និងអង្គការអន្តរជាតិ បានចូលរួមចំណែកក្នុងដំណើរការនេះ។ បើទោះបីជាមានបញ្ហាប្រឈមមួយចំនួននៅក្នុងដំណើរការស្វែងរកសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ឯកឧត្តមជឿជាក់ថា គោលការណ៍នានាដូចជា គោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស គឺជាគុណតម្លៃសកល៕