
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ តុលានេះ បានប្រារព្ធពិធីរម្លឹកខួបលើកទី៣០ នៃ«កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដែលមានការចូលរួមពីតំណាងអង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ។ ថ្លែងក្នុងពិធីរម្លឹកខួបនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអះអាងថា កម្ពុជានៅបន្តរងការប៉ុនប៉ងផ្លាស់ប្តូររបបតាមមធ្យោបាយមិនមែនប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» បានកន្លងទៅ៣០ឆ្នាំហើយ ជារយៈពេលគ្រប់គ្រាន់សម្រាប់ឱ្យកម្ពុជាអាចធ្វើការវាយតំលៃដ៏ត្រឹមត្រូវមួយបានអំពីមេរៀនទាំងឡាយនៃដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា។
បើតាមឯកឧត្តម ប្រាក់ សុខុន ទោះបីមានការប្តេជ្ញាជាឱឡារិករបស់ភាគីផ្សេងទៀតនៃ «កិច្ចព្រមព្រៀង ស្តីពីអធិបតេយ្យ បូរណភាពទឹកដី ការមិនរំលោភបំពាន អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា» ក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទោះក្រោមរូបភាពណា ដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ។ សម្រាប់ឯកឧត្តម ប្រាក់ សុខុន បានមើលឃើញថា កម្ពុជានៅបន្តទទួលរងនូវការប៉ុនប៉ងជាបន្តបន្ទាប់ក្នុងការផ្លាស់ប្តូររបបតាមមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យទាល់តែសោះ។
ជាថ្មីម្តងទៀតឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថានៅចំពោះមុខអន្តរជាតិថា ប្រជាធិបតេយ្យមិនមែនកើតឡើងដោយឯកឯង ឬក៏ជបបាននោះទេ។ ប្រជាធិបតេយ្យ ក៏មិនមែនជាទំនិញដែលនាំចេញ នាំចូល ពីប្រទេសមួយទៅប្រទេសមួយទៀតនោះដែរ ទោះបីជះលុយរាប់រយលានដុល្លារក៏ដោយ។ ប្រជាធិបតេយ្យជាគុណតំលៃ ដែលបានមកពីការរៀនសូត្រហើយ ដែលត្រូវកសាង និងពង្រឹងមួយជំហានម្តងៗ។ ជាការគួរឱ្យស្តាយ ប្រជាធិបតេយ្យ រួមទាំងសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ស្របតាមកាលានុវត្តភាពភូមិសាស្ត្រនយោបាយ សំរាប់ផលប្រយោជន៍ប្រទេសធំៗមួយចំនួនទៅវិញ។
ឯកឧត្តមថ្លែងថា “អ្វីដែលកម្ពុជាត្រូវបន្តគោរពនោះ គឺកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជាបានភ្ជាប់ខ្លួនក្នុងឋានៈជាសមាជិកពេញសិទ្ធនៃអង្គការសហប្រជាជាតិ ដូចសមាជិកដទៃទៀតនៃអង្គការនេះតែប៉ុណ្ណោះ។ ពេលនេះ កម្ពុជាបានក្លាយ ហើយរក្សាខ្លួនជារដ្ឋអធិបតេយ្យពេញលេញដូចរដ្ឋឯទៀតនៃសហគមន៍អន្តរជាតិដែរ។”
គួរបញ្ជាក់ថា កាលពី៣០ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេច ហ៊ុន សែន តំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច តំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
សម្តេច ហ៊ុន សែន និង សម្តេចព្រះនរោត្តម សីហនុ ត្រូវបានមហាជនចាត់ទុកថា ជាឥស្សរជនកំពូលដែលខិតខំបំពេញការងារធ្វើយ៉ាងណាជំរុញឱ្យមានជំនួបចរចាជាប្រវត្តិសាស្ត្រនេះកើតឡើង៕