
តួរគី៖ ប្រធានាធិបតីតួរគីលោក អេដូហ្គេន (Erdogan) បានរិះគន់សហរដ្ឋអាមេរិក និងបេសកជនរបស់ប្រទេសចំនួន ១០ ផ្សេងទៀត សម្រាប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសតួរគីកាលពីថ្ងៃទី ២១ដោយព្រមានជាមួយនឹងអត្ថន័យនៃ "បទបញ្ជាចាកចេញ" ។
ប្រទេសចំនួន១០រួមមាន សហរដ្ឋអាមេរិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ បារាំង ហូឡង់ នូវែលសេឡង់ ន័រវែស និងស្ថានទូតស៊ុយអែតប្រចាំប្រទេសតួរគី បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៨ ដោយជំរុញឱ្យភាគីតួរគី ដោះលែងអ្នកជំនួញនិងជាសកម្មជននយោបាយតួរគីលោក Osman Kavala ជាបន្ទាន់ បន្ទាប់ពីលោក Kavala ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល និងការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០១៦ និង ត្រូវបានឃុំខ្លួនតាំងពីឆ្នាំ ២០១៧ ។
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយតួរគីជាច្រើន លោក Erdogan បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរត្រឡប់ទៅកាន់ទ្វីបអាហ្រ្វិកវិញថា «ហេតុអ្វីបានជាឯកអគ្គរដ្ឋទូតនៃប្រទេសទាំង ១០ នេះធ្វើសេចក្តីថ្លែងការណ៍បែបនេះ? តើអ្នកមានសក្ខីកម្មអ្វីខ្លះ ដើម្បីចង្អុលទៅកាន់ប្រទេសតួរគី? តើអ្នកគិតថាអ្នកជាអ្នកណា?» ។
តុលាការសិទ្ធិមនុស្សអឺរ៉ុប បានចេញសេចក្តីសម្រេចក្នុងឆ្នាំ ២០១៩ ដោយតម្រូវអោយភាគីតួរគីដោះលែងលោក Kavala ។ គណៈកម្មការអឺរ៉ុប បានព្រមានទតួរគីកាលពីខែមុនថា ប្រសិនបើតួរគីនៅតែមិនព្រមដោះលែងលោក Kavala មុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃគណៈកម្មការអឺរ៉ុបក្នុងខែវិច្ឆិកាទេ គណៈកម្មការអឺរ៉ុបនឹងចាត់វិធានការប្រឆាំងនឹងតួរគី ដោយត្រូវដាក់ទណ្ឌកម្ម ហើយថែមទាំងបាត់បង់សមាជិកភាពពអឺរ៉ុបទៀតផង។
នៅថ្ងៃទី ១៩ ក្រសួងការបរទេសតួរគី បានកោះហៅឯកអគ្គរដ្ឋទូតនៃប្រទេសទាំង ១០ ខាងលើ ដោយចោទប្រកាន់ពួកគេថា បានរំលោភលើច្បាប់ការទូតហើយបានចេញសេចក្តីថ្លែងការណ៍រួមមួយដែលមិនគោរពដើម្បីធ្វើនយោបាយ ហើយនេះជាទង្វើនៃការ«ឆ្លងកាត់ខ្សែបន្ទាត់» ធ្វើឲ្យរតួគី «មិនអាចទទួលយកបាន»។
ទាក់ទិននឹងសំណួរថាតើ តួរគីនឹងចាត់វិធានការបន្ថែមទៀតឬយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសតួរគីលោក Tanru Birgic បានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២១ ថា «កាតព្វកិច្ចរបស់ឯកអគ្គរដ្ឋទូត» គឺមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម្ចាស់ផ្ទះឡើយ។ ក្នុងនាមជាប្រទេសឯករាជ្យមួយតួរគី នឹងធ្វើដូច្នេះតាមពេលវេលាដែលត្រូវចាត់វិធានការចាំបាច់៕