
រុស្ស៊ី៖ បេសកជនមកពីប្រទេសរុស្ស៊ី ចិន និងប៉ាគីស្ថាន បានបើកកិច្ចប្រជុំពង្រីកមួយនៅថ្ងៃទី២០ ខែ តុលា នេះ នៅទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាអំពីបញ្ហានានានៅអាហ្វហ្គានីស្ថាន។
ភាគីទាំងបីបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហានៃការគំរាមកំហែងសន្តិសុខ ដែលជួបប្រទះជាទូទៅ ហើយបានសម្តែងនូវឆន្ទៈរួមគ្នាក្នុងការផ្តល់ជំនួយមនុស្សធម៌និងជំនួយសេដ្ឋកិច្ចបន្ទាន់ដល់អាហ្វហ្គានីស្ថាន។
ប្រទេសរុស្ស៊ីបានអញ្ជើញសហរដ្ឋអាមេរិកឱ្យចូលរួមក្នុងកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឆ្លើយតបថា សហរដ្ឋអាមេរិកមិនអាចចូលរួមក្នុងកិច្ចចរចានេះបានទេ ដោយសារតែការលំបាកផ្នែកភ័ស្តុភារ ទោះយ៉ាងណាអ្នកនាំពាក្យបាននិយាយថា ភាគីអាមេរិកនឹងគាំទ្រដំណើរការនេះ។
យោងតាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា តំណាងមកពីតាលីបង់និងមកពីប្រទេសនិងតំបន់ផ្សេងទៀតនឹងចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរនៅថ្ងៃពុធនេះ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងថ្លែងសុន្ទរកថាមួយនៅក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ។ បេសកជនទាំអស់ នឹងពិភាក្សាអំពីចក្ខុវិស័យនៃស្ថានភាពយោធា និងនយោបាយនៅអាហ្វហ្គានីស្ថាន ការបង្កើតរដ្ឋាភិបាលអាហ្វហ្កានីស្ថានរួមនិងតួនាទីរបស់សហគមន៍អន្តរជាតិ ក្នុងការការពារវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន៕