Cctime 6monthsfree desktop
Cc times  web banner kh (2)

«សំណើចរាត្រី» ជារុក្ខជាតិកម្រអំបូរខ្ញី និងប្រស់ស្វា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

អត្ថបទ និងរូបភាពដោយ៖ លោក សុង ដេត និងលោកបណ្ឌិត ឈិន សុភា

រៀបចំដោយ ៖ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព/ក្រសួងបរិស្ថាន

ភ្នំពេញ៖ សំណើចរាត្រី ជាឈ្មោះរុក្ខជាតិដ៏កម្រមួយប្រភេទស្ថិតក្នុងអំបូរខ្ញី (Zingiberaceae) និងពួកប្រស់ស្វា (Kaempferia)។ រុក្ខជាតិនេះមិនទាន់មានឈ្មោះផ្លូវការជាភាសាខ្មែរទេ។ សំណើចរាត្រី ជាឈ្មោះបណ្តោះអាសន្នប៉ុណ្ណោះ។

បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រភព និងដើមកំណើត៖ Kaempferia filifolia ឬ សំណើចរាត្រី រកឃើញដំបូងក្នុងប្រទេសថៃនៅឆ្នាំ១៩៦២ ហើយក៏ប្រទះឃើញមានរបាយក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា និងប្រទេសឡាវផងដែរ។

ចំណែកទីជម្រក និងលក្ខខណ្ឌដុះលូតលាស់ រុក្ខជាតិនេះដុះនៅលាយឡំជាមួយនឹងពពួកស្មៅនៅលើដីខ្សាច់រាបស្មើតាមទីវាលក្នុងព្រៃរបោះ និងនៅលើ ល្បាយដីខ្មៅ លាយខ្សាច់ក្បែរវាលស្រែ ដែលមាន សណ្ឋានរដិបរដុប និងមានរុក្ខជាតិ ថ្នាក់ទាប ដុះក្បែរមួយៗ ។

អំពីដើម សំណើចរាត្រីខុសពីប្រភេទរុក្ខជាតិក្នុងពួកប្រស់ស្វា ដែលជាទូទៅមានស្លឹករាងមូលគ្របដីតែ “សំណើច រាត្រី ” មានសណ្ឋានស្លឹកដូចជាស្មៅទៅវិញ និងមានពណ៌ខៀវចាស់ហើយវាអាចធ្វើឱ្យ ងាយច្រឡំជាមួយនឹងស្មៅនៅពេលដែលរុក្ខជាតិ នេះមិនមានផ្កានៅជាមួយ។

អំពីលក្ខណៈផ្កា តួផ្កាទាំងមូលមានពណ៌ស ចេញពីចង្កោមផ្កា ដែលនៅជាប់នឹងគល់ដើម។ ជាទូទៅ វាមានផ្កាចំនួន១ ឬ២ រីកក្នុងពេលតែមួយ។ ពេលសង្កេតជិតត្របកផ្កា មានសភាពថ្លាឆ្លុះ មើលឃើញឆ្លុះទៅផ្នែកខាងក្រោយនៃត្របកផ្កា។

បើនិយាយអំពីលក្ខណៈសម្គាល់ពិសេស រុក្ខជាតិនេះចេញផ្កាក្រោយថ្ងៃលិច ដែលជាហេតុធ្វើឱ្យអ្នកស្រុកហៅរុក្ខជាតិនេះថា “សំណើចរាត្រី” និងរុះរោយនៅ ពេលថ្ងៃរះ។ ដូចច្នេះ បើស្វែងរកវានៅពេលថ្ងៃ រុក្ខជាតិនេះគ្មានផ្កាទេ ជាហេតុធ្វើឱ្យអ្នកពិបាកកំណត់ វត្តមានវាក្នុងទីតាំងដុះ ហើយប្រាកដជាច្រឡំ ថាជាស្មៅមិនខាន។ រហូតដល់ពេលនេះមិន ទាន់មានការសិក្សា ឬឯកសារ ណាមួយបញ្ជាក់អំ ពីការប្រើប្រាស់រុក្ខជាតិនេះសម្រាប់ធ្វើជាឱសថនោះទេ ប្រហែលជាដោយសារភាពកម្រ និងពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់វា។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង