Smart saver cctime web bannertif

អាជ្ញាធររកឃើញការនាំចូល«ទុរេន»ពីប្រទេសជិតខាងកម្ពុជាក្រោមរូបភាពតូចៗ និងមានជ្រលក់សារធាតុម្យ៉ាង នឹងកំពុងស្រាវជ្រាវបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អាជ្ញាធរ បានស្រាវជ្រាវរកឃើញវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេសកម្ពុជា ដោយសង្កេតឃើញថា ផ្លែទុរេននោះត្រូវបានជ្រលក់សារធាតុម៉្យាងមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់បាននៅឡើយ។

បន្ទាប់ពីមានការចុះផ្សាយក្នុងបណ្តាញសង្គមថា មានការនាំចូលផ្លែទុរេនពីប្រទេសជិតខាង មកកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ អាជ្ញាធរ បានចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និង តាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។

អាជ្ញាធរ បានចុះស្រាវជ្រាវបឋម ដោយអាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួកគាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។

បើតាមមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ផ្លែទុរេន ដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ មន្រ្តីជំនាញ និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។

អាជ្ញាធរ បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង