Cc time web banner 054637

តើកម្ពុជាគួរដល់ពេល«បើកដំណើរការឡើងវិញគ្រប់វិស័យ»បានឬនៅ?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទអង្គរវត្តនាពេលកន្លងទៅ

ភ្នំពេញ៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញដើរកម្សាន្ត ក៏ដូចជាអនុញ្ញាតឱ្យរមណីយដ្ឋានទេសចរណ៍បើកដំណើរការនៅទូទាំងប្រទេសកម្ពុជា។ ការអនុញ្ញាតឱ្យបើកដំណើរការនេះ គឺជាការតេស្តសាកល្បងដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅបើកដំណើរការប្រទេសជាតិឡើងវិញ។អ្នកជំនាញសេដ្ឋកិច្ច ក៏ដូចជាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានមើលឃើញថា កម្ពុជាគួរតែដល់ពេលត្រូវបើកដំណើរការប្រទេសជាតិឡើងវិញជាបណ្តើរៗ ខណៈប្រទេសជិតខាងរបស់កម្ពុជាដូចជាថៃ សិង្ហបុរីជាដើម បានបើកទទួលទេសចរបរទេសឡើងវិញ។

លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាទាំងរស់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានា ហាក់ដូចជាមមាញឹកនៅក្នុងសកម្មភាពសង្គម វប្បធម៌ និង សេដ្ឋកិច្ចរបស់ខ្លួន។នេះគឺដោយសារតែបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩មានការថយចុះបន្តិចក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។

បើតាមលោកបណ្ឌិត ឆេង គីមឡុង វ៉ាក់សាំងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តឡើងវិញនៅក្នុងការដើរកម្សាន្ត ហើយការដើរកម្សាន្ត ក៏ដូចជាការចាប់ផ្តើមមុខរបរអាជីវកម្ម សកម្មភាពសង្គម ក៏ដូចជាវប្បធម៌ផ្សេងៗទៀត ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាហាក់ដូចជាមានភាពងើបឡើងវិញបន្តិច។

លោកបណ្ឌិត ឆេង គីមឡុង ថ្លែងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនេះ គឺមានតាមរយៈការធ្វើដំណើរ តាមរយៈការប្រើប្រាស់នូវទំនិញសេវាកម្មមួយចំនួននៅក្នុងការប្រកបមុខរបរអាជីវកម្ម ឬការអាស្រ័យផលផ្សេងៗនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌។សម្រាប់លោកបណ្ឌិត កត្តាទាំងនេះ អាចឱ្យរដ្ឋាភិបាលគួរដល់ពេលពិនិត្យមើលដើមឡើងវិញនូវសេដ្ឋកិច្ច។

លោកបណ្ឌិតបន្តថា បើសិនជាស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាមានការថយចុះ ឬនៅថេរដូចស្ថានភាពបច្ចុប្បន្ន នោះវាអាចធ្វើឱ្យសេដ្ឋកិច្ចចាប់ពីចុងឆ្នាំ២០២១នេះទៅ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំក្រោយ អាចនឹងងើបឡើងវិញ ឬមានសន្ទុះក្លៀវក្លាឡើងវិញបាន។

បើពិនិត្យមើលលើវឌ្ឍនភាពដែលកម្ពុជាកបានផ្តល់វ៉ាក់សាំងកូវីដជូនប្រជាជន ដូចនេះកម្ពុជាអាចចាប់ផ្តើមបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គម វប្បធម៌ឡើងវិញ រួមទាំងការជម្រុញឱ្យមានការងើបឡើងវិញនូវវិស័យអាជីវកម្មខ្នាតតូច ខ្នាតមធ្យមផ្សេងៗទៀតជាបណ្តើរៗ ហើយត្រូវអនុវត្តតាមវិធានសុខាភិបាលឱ្យបានម៉ឺងមាត់។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឆេង គីមឡុង។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះដែរថា សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ននេះ ដោយតួលេខការឆ្លងជំងឺកូវីដនៅក្នុងកម្ពុជាមិនមានការរីករាលដាលខ្លាំង ហើយស្របពេលដែលប្រទេសជិតខាងចាប់ផ្តើមត្រៀមបើកទេសចរណ៍វិញដែរ ដូចនេះកម្ពុជាគួរតែដល់ពេលប្រកាសបើកទទួលទេសចរបរទេសនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

អ្នកជំនាញរូបនេះ បានអះអាងថា ការបើកទទួលទេសចរបរទេសនៅចុងឆ្នាំនេះ គឺជាឱកាសល្អ ព្រោះកម្ពុជាក៏បានពន្លឿនការចាក់វ៉ាក់សាំងរហូតបានជាក់កម្រិតលេខ២នៅក្នុងអាស៊ាន។ ដូចនេះកម្ពុជាគួរតែយកឱកាសនេះដើម្បីបើកទទួលភ្ញៀវ និងដើម្បីជាសារពញ្ញាក់ទាក់ទាញដល់ទេសចរនៅទូទាំងពិភពលោកឱ្យបែរមកចាប់អារម្មកម្ពុជា។

បើកម្ពុជាមិនប្រកាសបើកវិស័យទេសចរណ៍ឡើងវិញចាប់ពីពេលនេះទេ នោះកម្ពុជាអាចនឹងហួសពេលសម្រាប់ភ្ញៀវទេសចរក្នុងការមកកម្សាន្តនៅកម្ពុជានៅចុងឆ្នាំនេះ ជាឱកាសឈប់សម្រាក ហើយទេសចរបទេសអាចនឹងងាកទៅរកប្រទេសផ្សេងៗទៀតដើម្បីធ្វើដំណើរកម្សាន្ត ដូចជា ប្រទេសអឺរ៉ុប ថៃ សិង្ហបុរីជាដើម ដែលគ្រោងនឹងបើកទទួលទេសចរបរទេសពេញលេញនៅក្នុងខែតុលានេះផងដែរ។ ដូចនេះ បើកម្ពុជាមិនបើកឱ្យទាន់ពេលវេលា កម្ពុជាអាចនឹងបាត់បង់ភ្ញៀវទេសចរថែមទៀត។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវ លីន។

អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាល ពិចារណាបើកដំណើរការឡើងវិញគ្រប់វិស័យជាពិសេសសកម្មភាពអាជីវកម្មបន្ទាប់ពីបានសង្កេតឃើញការឆ្លើយតបប្រកបដោយនិរន្តរភាព និងគ្រប់គ្រងបានល្អចំពោះជំងឺរាតត្បាតកូវីដ -១៩ ។ការបើកឡើងវិញប្រកបដោយសុវត្ថិភាព និងនិរន្តរភាពគឺអាចធ្វើទៅបានប្រសិនបើមានការគ្រប់គ្រងបានល្អ។

តែយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ព្រមានថាប្រសិនបើការបើកឡើងវិញត្រូវបានប្រញាប់ដោយគ្មានការរៀបចំផែនការល្អ និងការគ្រប់គ្រងហានិភ័យនៅនឹងកន្លែងករណីនឹងកើនឡើងមន្ទីរពេទ្យទំនងជានឹងត្រូវគ្របដណ្ដប់ហើយអាជីវកម្មអាចនឹងបិទម្តងទៀត។

នៅថ្ងៃទី១៣ ខែតុលា ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៧២នាក់ តេស្តដោយម៉ាស៊ីន PCR និង អ្នកជាសះស្បើយចំនួន៤៩៤នាក់ ហើយករណីស្លាប់ ១៥នាក់។ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានចំនួន ១១៥,៦០៧ នាក់អ្នកជាសះស្បើយ១០៩,២៩៦នាក់ អ្នកស្លាប់ ២,៥៥៩ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង