Yearendyearend1140x150

លោក លឹម ឆេង៖ទឹកឃ្មុំនៅតែមានតម្រូវការនៅទីផ្សារនិងមានតម្លៃខ្ពស់ទោះក្នុងវិបត្តិកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រតនគិរី៖ លោក លឹម ឆេង មានអាយុ៤២ឆ្នាំ រស់នៅឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បានប្រកបរបរចិញ្ចឹមឃ្មុំលក់អស់រយៈពេលប្រហែល៤ឆ្នាំមកហើយ។ របរចិញ្ចឹមឃ្មុំលក់ខ្នាតតូចអាចធ្វើឲ្យលោកផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសាររបស់លោកបាន ដោយហេតុថាទឹកឃ្មុំនៅតែមានតម្រូវការនៅទីផ្សារនិងមានតម្លៃខ្ពស់ទោះបីជាស្ថានភាពកូវីដមានផលរំខានដល់អាជីវកម្មនេះក្តី។

ក្នុងកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក លឹម ឆេង បានប្រាប់ថា ក្រុមគ្រួសាររបស់លោកកាលពីមុនបានប្រកបរបរស្រែចម្ការ ហើយនៅចុងឆ្នាំ២០១៧ លោក លឹម ឆេង បានឆ្លៀតពេលពីការធ្វើស្រែចម្ការទៅរៀនជំនាញចិញ្ចឹមឃ្មុំវគ្គខ្លីជាមួយអង្គការដែលចុះមកបង្រៀនពលរដ្ឋក្នុងភូមិដោយឥតគិតថ្លៃ។ បន្ទាប់ពីរៀនជំនាញនេះចប់ លោក លឹម ឆេង និងក្រុមគ្រួសារក៏បានសម្រេចចិត្តសាកល្បងយកចំណេះនេះទៅប្រកបរបរចិញ្ចឹមឃ្មុំលក់ ដោយបានកែប្រែដីស្រែចម្ការផ្នែកខ្លះទៅជាកន្លែងសម្រាប់ចិញ្ចឹមឃ្មុំ។

លោក លឹម ឆេង បានបន្តថា ដំណាក់កាលដំបូងនៃការចិញ្ចឹមឃ្មុំនេះ មិនមានភាពងាយស្រួលឡើង ព្រោះយើងទើបសាកល្បង មានបទពិសោធន៍តិច ខ្វះបច្ចេកទេសក្នុងការចិញ្ចឹម ហើយម្យ៉ាងទៀតវាត្រូវការដើមទុនច្រើនគួរសមដែរ។ ដោយសារតែលោក លឹម ឆេង មានជីវភាពមិនសូវធូរធាប៉ុន្នាន លក់បានខ្ចីលុយបងប្អូនខ្លះ ដើម្បីធ្វើជាដើមទុនក្នុងការប្រកបរបរនេះ។ គិតមកដល់ពេលសព្វថ្ងៃនេះ លោកប្រាប់ថា ទឹកឃ្មុំដែលលក់ចេញទៅកាន់ទីផ្សារប្រហែល២០កានក្នុងមួយខែ។

បន្ថែមនេះ លោក លឹម ឆេង បានបន្តថា ដោយសារការខិតខំប្រឹងប្រែងក្នុងការមើលថែឃ្មុំ ព្រមទាំងការជួយជ្រោមជ្រែងពីសំណាក់គ្រួសារ បងប្អូនសាច់ញាត្តិរបស់លោក បានធ្វើឲ្យរបរមួយនេះលេចចេញជាផ្លែផ្កាជាបណ្តើរៗ ហើយនៅពេលដែលប្រមូលផលបានលក់បានយកទឹកឃ្មុំទាំងនោះទៅលក់ក្នុងទីផ្សារ និងបោះដុំលក់ទៅឲ្យឈ្មួញកណ្តាល។ ចំពោះតម្លៃទឹកឃ្មុំលក់រាយនាពេលបច្ចុប្បន្ននេះ គឺលក់១លីត្រថ្លៃ៨ម៉ឺនរៀល ហើយបើភ្ញៀវយកដុំគឺគិតឲ្យក្នុងតម្លៃផ្សេង។

បើតាមលោក លឹម ឆេង បានប្រាប់ទៀតថា របរចិញ្ចឺមឃ្មុំអស់រយៈពេល៤ឆ្នាំមកនេះ បានធ្វើឲ្យជីវភាពគ្រួសាររបស់លោកមានភាពប្រសើរជាងមុន លោកថាអាចផ្គត់ផ្គង់លើការចំណាយក្នុងគ្រួសារ និងចំណាយលើការរៀនសូត្ររបស់កូនៗលោក បើទោះបីជាស្ថានភាពកូវីដមានផលរំខានដល់អាជីវកម្មនេះក្តី ក៏ប៉ុន្តែទឹកឃ្មុំនៅតែមានតម្រូវការនៅក្នុងទីផ្សារក្នុងស្រុក អាចទប់ទល់នឹងជីវភាពប្រចាំថ្ងៃរបស់គ្រួសារបាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង