
ភ្នំពេញ៖តម្រូវការសាច់ជ្រូក សាច់មាន់នៅលើទីផ្សារសម្រាប់ឱកាសដាក់បិណ្ឌឆ្នាំនេះ មិនមានតម្រូវការខ្ពស់ដូចកាលពីឆ្នាំមុននោះទេ។ ការធ្លាក់នេះគឺដោយសារប្រជាពលរដ្ឋមួយចំនួនកាត់បន្ថយការទិញសាច់ពីទីផ្សារ ហើយងាកមករកការចិញ្ជឹមមាន់ ឬជ្រូកដោយខ្លួនឯងសម្រាប់ត្រៀមក្នុងឱកាសភ្ជុំបិណ្ឌ ហើយជាពិសេសការបិទវត្តអារាមនានានៅរាជធានីភ្នំពេញ បានធ្វើឱ្យតម្រូវការហូបចុកមានការធ្លាក់ចុះផងដែរ។
សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានវាយតម្លៃថា គិតចាប់ពីបិណ្ឌទី១ ដល់ថ្ងៃកាន់បិណ្ឌទី១០ តម្រូវការសាច់ជ្រូក និងសាច់មាន់ គឺមិនមានតម្រូវការកើនឡើងនោះទេ ដោយតម្រូវការសាច់ជ្រូកនៅលើទីផ្សារមុនថ្ងៃកាន់បិណ្ឌ មានចន្លោះពី៨ពាន់-៩ពាន់ក្បាលក្នុងមួយថ្ងៃ តែរហូតមកដល់ថ្ងៃកាន់បិណ្ឌសាច់ជ្រូកក៏មិនមានការកើនឡើងដែរ ឬពេលខ្លះអាចថយចុះជាងមុន។នេះបើតាម លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។
រីឯតម្លៃសាច់ជ្រូក និងសាច់មាន់លោក ស្រ៊ុន ពៅ កត់សម្គាល់ឃើញថា ក៏មានការធ្លាក់ចុះផងដែរ ហើយការធ្លាក់ចុះតម្លៃនេះ គឺដោយសារតែការចិញ្ចឹមមាន់ និងចិញ្ចឹមជ្រូករបស់ប្រជាពលរដ្ឋសម្រាប់ត្រៀមក្នុងឱកាសភ្ជុំបិណ្ឌមានការកើនឡើង រីឯការនាំចូលក៏មានច្រើន ក្នុងនោះនាំចូលជ្រូករស់១ពាន់ក្បាល និងសត្វមាន់រាប់ម៉ឺនកក្បាលក្នុងមួយថ្ងៃៗ ដូចនេះវាបានធ្វើឱ្យប៉ះពាល់ដល់តម្លៃ ក៏ដូចជាប្រជាកសិករក្នុងវិស័យនេះយ៉ាងគំហុក។
លោក ស្រ៊ុន ពៅ អះអាងថា បច្ចុប្បន្នតម្លៃសាច់ជ្រូករស់នៅកសិដ្ឋានធ្លាក់តម្លៃនៅត្រឹមជាង៩ពាន់រៀលក្នុងមួយគីឡូក្រាម ដែលអាចធ្លាក់ចុះ៣ពាន់រៀលក្នុងមួយគីឡូក្រាម។ រីឯឯតម្លៃនៅក្នុងទីផ្សារវិញ សម្រាប់សាច់ជ្រូកសុទ្ធគឺនៅត្រឹម ១,៨០០០រៀលក្នុងមួយគីឡូក្រាមតែប៉ណ្ណោះ ចំពោះសាច់ជ្រូក៣ជាន់នៅត្រឹម២ម៉ឺនរៀល ដែលតម្លៃអាចចុះ៥ពាន់រៀលក្នុងមួយគីឡូក្រាម។
រីឯតម្លៃសាច់មាន់វិញក៏មានការធ្លាក់ថ្លៃដែរ ជារួមតម្លៃមាន់រស់ពីកសិដ្ឋានផ្ទាល់មានតម្លៃត្រឹមតែជាង៥ពាន់រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃសាច់មាន់មិនប៉ះពាល់ដល់តម្លៃទីផ្សារនោះទេ គឺរក្សាតម្លៃបានធម្មតា មានតែតម្លៃសាច់ជ្រូកតែប៉ណ្ណោះដែលមានការធ្លាក់ថ្លៃ។
ក្នុងនាមលោកជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហានេះដល់ប្រជាកសិករ លោកបានអំពាវនាវ ក៏ដូចជាធ្វើលិខិស្នាមទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ក្នុងគោលបំណងសុំឱ្យមានការកាត់បន្ថយ ឬផ្អាកការនាំចូលជ្រូក ឬមាន់មួយរយៈសិន ដើម្បីជួយប្រមូលទិញជ្រូក និងមាន់ពីកសិករក្នុងស្រុក៕