
ភ្នំពេញ៖ ថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ បានឈានចូលមកដល់ហើយ នៅថ្ងៃពុធ ទី២២កញ្ញានេះ។នៅថ្ងៃដំបូលនៃពិធីកាន់បិណ្ឌប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
សម្តេច ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ កញ្ញានេះ បានថ្លែងថា ពិធីកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាម នានា។
ក្នុងឱកាសនេះ សម្តេចនាយកដ្ឋមន្ត្រីនៃកម្ពុជា បានស្នុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ហើយបានស្នើសុំប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច។
ការកាន់បិណ្ឌដូច្នេះ នឹងត្រូវបន្តទៅមុខរយៈពេលកន្លះខែទៀត មុននឹងបញ្ចប់ដោយថ្ងៃភ្ជុំបិណ្ឌ នៅថ្ងៃទី១២ខែក្រោយ។ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិតាំងពីបុរាណកាលមកម្ល៉េះ។ ពិធីបុណ្យនេះ ជាការពិត បានស្ដែងឲ្យឃើញពីទំនៀមទម្លាប់ធ្វើបុណ្យធ្វើទានរបស់ខ្មែរ។ លើសពីនេះ ក៏មានផងដែរ ជំនឿកម្មផល និងការគោរពដឹងគុណចំពោះមាតាបិតា និងញាតិសណ្ដាន។
គួរបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃព្រះរាជពិធីទ្វារទសមាស ដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិតាំងពីបុរាណកាលមកម្ល៉េះ។ ជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃកាន់បិណ្ឌ ពុទ្ធបរិស័ទខ្មែរ ទាំងក្មេងទាំងចាស់ តែងតែដាក់វេនគ្នាធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម។ ជាការពិត នេះគឺជាអត្ថន័យដំបូងបង្អស់ ដែលគេអាចបកស្រាយអំពីពិធីបុណ្យភ្ជុំបិណ្ឌ។


