ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានទាំងស្រុង ស្ដីពីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ក្រោមការអញ្ជើញចូលរួមរបស់លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កសិករ និងសហគមន៍កសិកម្ម ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ អ្នកនវានុវត្តន៍ យុវជន ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធនានា ទាំងក្នុងនិងក្រៅប្រទេស។ ព្រឹត្តិការណ៍នេះរំពឹងថានឹងមានស្តង់ពិព័រណ៍ជាង ៤០០កន្លែង អ្នកចូលរួមទស្សនាប្រមាណ ២៥,០០០នាក់ និងកសិករជាង ២,០០០នាក់។
ព្រឹត្តិការណ៍នេះដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE26 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា»នេះរៀបចំឡើងជាលើកទី២ បន្ទាប់ពីការរៀបចំដោយជោគជ័យកាលឆ្នាំ២០២៥ និងជាការប្ដេជ្ញាចិត្តរបស់ក្រសួងកសិកម្ម ក្នុងការប្រែក្លាយកម្មវិធីនេះជាកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម ដោយផ្ដោតសំខាន់ក្នុងការជំរុញការលក់ដល់បងប្អូនកសិករជាចម្បង បន្ថែមពីនេះCAFE26ក៏មានការបង្ហាញដូចជាផលិតផលកសិកម្ម បណ្ដាក្រុមហ៊ុនធនាគារ និងគ្រឿងចក្រកសិកម្មទំនើបៗ ក៏ដូចសេវាកម្មផ្សេងៗ ផ្តោតការយកចិត្តទុកដាក់ចំពោះកសិករជាចម្បងផងដែរ៕