Yearendyearend1140x150
Img 0571

អ្នកជំនាញកំពុងស្រាវជ្រាវលើ«សត្វប្រចៀវ»នៅតំបន់មួយក្នុងកម្ពុជាដើម្បីរកប្រភពជំងឺមួយស្រដៀងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ Reuters

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវកំពុងប្រមូលសំណាកពីសត្វប្រចៀវពីតំបន់មួយក្នុងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីប្រភពដើមជំងឺកូវីដ-១៩។ អ្នកស្រាវជ្រាវបានវិលត្រឡប់មកតំបន់ដែលមានមេរោគស្រដៀងគ្នានឹងមេរោគកូវីដ-១៩ ត្រូវបានរកឃើញនៅក្នុងខ្លួនសត្វប្រចៀវ កាលពី១០ឆ្នាំមុននៅប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានReuters។

ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានសមាជិកចំនួន៨នាក់ បានធ្វើបេសកកម្មតាមដាន និងប្រមូលសំណាកពីសត្វប្រចៀវពីប្រភេទ អាយុ និងព័ត៌មានលម្អិតផ្សេងទៀត អស់រយៈពេលមួយសប្តាហ៍។ អ្នកសម្របសម្រួលនៅក្នុងកិច្ចស្រាវជ្រាវ លោក ហឹម ថាវរី បានប្រាប់រ៉យទ័រថា “ យើងសង្ឃឹមថាលទ្ធផលពីការសិក្សានេះអាចជួយពិភពលោកឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីជំងឺកូវីដ-១៩” ។

លោកវេជ្ជបណ្ឌិត ឌួង វាសនា ប្រធានផ្នែកវីរុសសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបាននិយាយថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើដំណើរចំនួន ៤ ដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសង្ឃឹមថាមានតម្រុយអំពីដើមកំណើតនិងការវិវត្តនៃមេរោគប្រចៀវ។ លោកបានថ្លែងថា “ យើងចង់ដឹងថាតើវីរុសនៅតែមានដែរឬទេ ហើយដើម្បីដឹងថាមេរោគវិវត្តយ៉ាងដូចម្តេចនោះ” ។

ចំណែកលោកស្រី Julia Guillebaud ជាវិស្វករស្រាវជ្រាវនៅអង្គភាពមេរោគឆ្លងរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាននិយាយថាគម្រោងដែលផ្តល់មូលនិធិដោយបារាំងនេះ ក៏មានបំណងពិនិត្យមើលថាតើការជួញដូរសត្វព្រៃអាចដើរតួយ៉ាងដូចម្តេចខ្លះ។ លោក Gillebaud បានមានប្រសាសន៍ថា“ គម្រោងនេះមានគោលបំណងផ្តល់នូវចំណេះដឹងថ្មីៗអំពីសង្វាក់ជួញដូរសាច់សត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងចងក្រងឯកសារអំពីភាពសម្បូរបែបនៃមេរោគបេតាកូរ៉ូណាវីរុស ដែលកំពុងចរាចរតាមរយៈសង្វាក់ទាំងនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣កុម្ភៈកន្លងទៅនេះ ក្នុងសន្និសីទកាសែតស្តីពីការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩ អ្នកជំនាញពីក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអះអាងថា មេរោគដែលបានរកឃើញក្នុងខ្លួនសត្វប្រចៀវកាលពី១០ឆ្នាំមុននោះមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែលក្ខណៈស្រដៀងនេះ គឺមិនមែនមានន័យថា ជាមេរោគតែមួយឡើយ។

ទន្ទឹមនេះ អ្នកស្រី Laurence BARIL នាយិកានៃវិទ្យាស្ថានប៉ាស័្ទរកម្ពុជា បកស្រាយថា៖«លក្ខណៈចម្លង និងភាពដែលអាចចម្លងនោះ គឺមានលក្ខណៈខុសគ្នា រវាងមេរោគកូរ៉ូណាដែលយើងរកឃើញនៅក្នុងសត្វប្រចៀវ ជាមួយនឹងមេរោគកូវីដ-១៩ ដែលកំពុងផ្ទុះរាតត្បាតនេះ»។ អ្នកស្រី បន្តថា ការរកឃើញមេរោគកូរ៉ូណានៅក្នុងខ្លួនសត្វប្រចៀវ ដែលមានលក្ខណៈស្រដៀងនឹងមេរោគកូវីដ-១៩នេះ ខាងអ្នកវិទ្យាសាស្រ្ត មិនមែនរកឃើញចំពោះតែសត្វប្រចៀវរស់នៅក្នុងទឹកដីកម្ពុជានោះទេ ពោល នៅតំបន់ និងប្រទេសនានាក្នុងពិភពលោក ដូចជា ចិន ថៃ វៀតណាម ជាដើម គឺសុទ្ធតែរកឃើញលក្ខណៈស្រដៀងគ្នាបែបនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង