ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យវិសាខបូជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីណែនាំមួយចំនួនចំពោះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន មន្ទីរសុខាភិបាល នៃរដ្ឋបាល ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃរាជធានីភ្នំពេញ ចូលរួមសហការក្នុងការអនុវត្តសកម្មភាពដើម្បីគោលដៅរួម ដើម្បីញ៉ាំងឱ្យពិធីមង្គលនេះ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម។
រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្រៅពីការរៀបចំនៅបរិវេណភ្នំព្រះរាជទ្រព្យ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យ រដ្ឋបាលខណ្ឌទាំង១៤ មានការតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោកនៅតាម វត្តអារាម អគារសាធារណៈ អគារពាណិជ្ជកម្ម ផ្សារ សំណង់បុរី ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងគ្រប់គេហដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីសាសនានេះ និងចាត់តាំងរៀបចំឱ្យមានពិធីបុណ្យវិសាខបូជាជាផ្លូវការនៅវត្តអារាមណាមួយក្នុងមូលដ្ឋាន។ ជាពិសេស យកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ-បរិស្ថាននៅក្នុង មូលដ្ឋាននិងតាមវត្តអារាមដែលប្រារព្ធពិធីបុណ្យវិសាខបូជាឱ្យបានល្អប្រសើរ។
គួររំលឹកថា បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថាជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត៕