
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈលើ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ដើម្បីផ្តល់ភាពងាយស្រួល ចំណេញពេលវេលា ចូលរួមជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុ្ងងវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ។
យោងតាមធនាគារជាតិនៃកម្ពុជា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យូអរកូតរវាង KHQR និងJPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្តេន KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជាបាន។
ក្នុងកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជា ដោយសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមយ្យូអរកួតជាមួយភាគីកម្ពុជា។
.jpg?1745548908)
តាមរយៈកិច្ចសហការនេះ នឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។
គួរបញ្ជាក់ថា ប្រតិបត្តិការ ទូទាត់ឆ្លងដែនតាមយ្យអរកូតសម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី ១ ឆ្នាំ ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥៕
