
ភ្នំពេញ៖ ជនរងគ្រោះម្នាក់ខាតបង់ប្រាក់ ៧លានដុល្លារដោយសារក្រុមឆបោកបន្លំប្តូរប្រាក់ ជនជាតិស្បែកខ្មៅ។ជនបោកប្រាស់ទាំងនោះ បានលួងលោមឱ្យជនរងគ្រោះ ថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារតែពុំអាចចាយបាន លុះត្រាតែមាន ប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ គឺទើបក្លាយជា ប្រាក់ពិតហើយអាចចាយបាន។បច្ចុប្បន្នជនបោកប្រាស់ជាជនជាតិស្បែកខ្មៅទាំងអស់នោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវបង្ក្រាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ។
យោងតាមលោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារ តែពុំអាចចាយបាន លុះត្រាតែមាន ប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន។
បើតាមលោក រ័ត្ន ស្រ៊ាង ក្រុមឆបោកបានសន្យាថានឹងឱ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ជនរងគ្រោះ បានយល់ព្រមហើយបានយកប្រាក់ដុល្លារពិតប្រាកដរបស់ខ្លួនចំនួន ២ពាន់ដុល្លារ ឲ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និង ដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុន មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ)។
តាមរបាយការណ៍ដែល បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន ២៥លានដុល្លារ។
រាល់ពេល ដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និង ប្រាប់ថា ប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និង ក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។
ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច) ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ០២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត៕