
ភ្នំពេញ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានផ្សាយថា ៖បន្ទាប់ពីជំនួបទ្វេភាគីជាមួយឯកឧត្តម មន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១២កញ្ញានោះ លោក វ៉ាង យី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ៖“ចិនមានឆន្ទៈធ្វើការអោយអស់ពីកំលាំងកាយចិត្តជាមួយប្រជាជនកម្ពុជាដែលជាបងប្អូនដ៏ល្អ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការចិន-កម្ពុជាលើគ្រប់វិស័យទាំងអស់។”
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក វ៉ាង យី គូសបញ្ជាក់ ចិនមានឆន្ទៈចង់ឱ្យចំណងមិត្តភាពរបស់ប្រទេសចិន-កម្ពុជាមានភាពរឹងមាំជាងដែកនិងតាន់ជាងដែកថែប ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការធ្វើឱ្យមានការអភិវឌ្ឍន៍របស់ប្រជាជននិងប្រទេសជាតិ នៃប្រទេសទាំង២ ។
លោកវ៉ាង យី បានថ្លែងថា៖ ចិនមានឆន្ទៈបន្តគាំទ្រកម្ពុជាយ៉ាងពេញទំហឹងក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួន ហើយប្រទេសចិនគឺគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន និង គាំទ្រយ៉ាងរឹងមាំដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាជន។
បើតាមលោកវ៉ាង យី ប្រទេសចិននឹងគាំទ្រសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាយ៉ាងពេញទំហឹង ក្នុងការដឹកនាំគណបក្សប្រជាជន អនុវត្តកិច្ចការនយោបាយដោយរលូន ដើម្បីជួយប្រទេសកម្ពុជារក្សាបាននូវស្ថានភាពទាំងមូលប្រកបដោយការអភិវឌ្ឍន៍និងស្ថិរភាព។ហើយប្រទេសចិននឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម ប្រព័ន្ធ 5G និងវិស័យផ្សេងៗទៀត ដើម្បីជួយដល់កម្ពុជាពន្លឿនដំណើរការឧស្សាហូបនីយកម្ម ហើយភាគីចិននឹងពង្រីកការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់កម្ពុជា។
លោកបន្តថា ភាគីចិន និងជម្រុញការអនុវត្តគម្រោងសាងសង់ធំៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម និងបង្កើនជំនួយដល់ការសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់របស់កម្ពុជា ពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងភាគីទាំងពីរ ដើម្បីបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពរវាងប្រជាជាតិទាំងពីរ។
លោកវ៉ាង យី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិននិងកម្ពុជាមិនដែលគិត ថ្នាក់ប្រទេសតូចឬធំឡើយ ដោយប្រកាន់ភ្ជាប់ការពិគ្រោះយោបល់ដោយស្មើភាព និងគោរពគ្នាទៅវិញទៅមក។ហើយនៅក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ គឺមិនដែលមានភ្ជាប់លក្ខខណ្ឌនយោបាយ ហើយក៏មិនដែល“ចេញសែកស្អុយ ” ឬសន្យាខ្យល់ដែលនិយាយតែលើបបូរមាត់។ចិនក៏ប្រឆាំងក្នុងការសន្យាខ្យល់ ដែលមិនសន្យាថានឹងផ្តល់ផលប្រយោជន៍ដល់អ្នកដទៃដោយផ្ទាល់មាត់ហើយ ប៉ុន្តែផលប្រយោជន៍ជាក់ស្តែងនឹងមិនទៅដល់អ្នកទទួលនោះឡើយ ៕