
ភ្នំពេញ៖ប្រមុខការទូតចិន លោក វ៉ាង យី នៅល្ងាចថ្ងៃទី ១២ កញ្ញានេះ បានដឹកដៃគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយឥតសំណងរបស់ចិនជូនកម្ពុជា។ក្នុងសន្ទរកថា ក្នុងពិធីប្រគល់លោក វ៉ាង យី បានប្រាប់ពីមូលហេតុដែលប្រទេសចិនសម្រេចចំណាយលុយច្រើនសន្ធឹកសន្ធាប់សាងសង់ ពហុកីឡដ្ឋានមរតកតេជោជូនដល់ប្រជាជនកម្ពុជា។
នៅចំពោះមុខសម្តេច ហ៊ុន សែន លោក វ៉ាង យី បានថ្លែងថា មូលហេតុដែលប្រទេសចិនសម្រេចចំណាយលុយច្រើនសន្ធឹកសន្ធាប់សាងសង់«ពហុកីឡដ្ឋានមរតកតេជោ»ជូនដល់ប្រជាជនកម្ពុជា គឺដោយសារតែប្រជាជនកម្ពុជាមានភាពស្និទ្ធស្នាល និងមិត្តភាពជ្រាលជ្រៅបំផុតជាមួយប្រជាជនចិន។
បើតាមលោក វ៉ាង យី «ពហុកីឡដ្ឋានមរតកតេជោ» បានបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅបំផុតនៃទំនាក់ទំនងកម្ពុជា និងចិន ហើយលោកសង្ឃឹមថា ប្រជាជនកម្ពុជាជាច្រើននឹងហាត់កីឡាក្នុង«ពហុកីឡដ្ឋានមរតកតេជោ»នេះ ហើយក្រុមកីឡាករកម្ពុជានឹងទទួលបានមេដាយមាសច្រើនក្នុងការប្រកួតស៊ីហ្គាមនៅពេលខាងមុខនេះ។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចាត់ទុក ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិន មកប្រទេសកម្ពុជាពេលនេះជាសមិទ្ធផលកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ទំនាក់ទំនងកម្ពុជាចិន ហើយសម្តេច មិននឹកស្មានថា ដោយសារទំនាក់ទំនងដែកថែបកម្ពុជាចិន នឹងទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះទេ។
សម្តេច ហ៊ុន សែន ថ្លែងថា "ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីមិត្តចិននោះទេ យើងប្រហែលជាគ្មានពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ"។
គួរបញ្ជក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពហកីឡដ្ឋាននេះ មានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ។ពហុកីឡដ្ឋានមរតកតេជោ តម្លៃប្រហែល១៥០លានដុល្លារ ជាជំនួយដែលចំណាយលុយច្រើនជាងគេដែលចិនផ្តល់ជូនដល់ បរទេស៕